(លីស្បោន)៖ លោក Diego Simeone បានថ្លែងថា ជ័យជំនះដ៏ល្បីល្បាញរបស់ Atletico Madrid លើក្រុម Liverpool នឹងមិនមានអ្វីកើតឡើងទេ នៅពេលដែលពួកគេប្រឈមមុខនឹងក្រុមអាល្លឺម៉ង់ RB Leipzig រាត្រីនេះ ដើម្បីដណ្តើមកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌ UEFA Champions League នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា Live Score។

ក្រុមអេស្ប៉ាញ Atletico Madrid បានទម្លាក់ក្រុមម្ចាស់ជើងឯក Champions League រដូវកាលមុន ហង្សក្រហម Liverpool តាមរយៈជ័យជម្នះសរុប ៤-២ ទាំងពីរជើង ជាមួយនឹងម៉ោងថែម ១៥នាទី ២ដងក្នុងជើងទី២ នៃវគ្គ ១៦ក្រុមចុងក្រោយកាលពីដើមខែមីនា ដើម្បីឡើងមកជួប Leipzig ក្នុងវគ្គ ៨ក្រុមដែលបានទម្លាក់ Tottenham Hotspur ផងដែរនោះ។

ទោះយ៉ាងណា រយៈពេល ៥ខែបានកន្លងផុតទៅចាប់តាំងពីការទទួលជ័យជម្នះក្នុងជើងទី២ នៅកីឡដ្ឋាន Anfield ប្រទេសអង់គ្លេស ហើយគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Simeone ក៏បានទទូចថា ការប្រកួតនៅរាត្រីថ្ងៃព្រហស្បតិ៍នេះ នឹងមានភាពពាក់ព័ន្ធតិចតួចលើអ្វីដែលកើតឡើងនៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់។

លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា «ជ័យជម្នះនោះ មិនមែនជាឯកសារយោងទេ។ រយៈពេលជាច្រើនខែបានកន្លងផុតទៅ ហើយភាពរីករាយបានធ្លាក់ចុះក្នុងអំឡុងពេលសម្រាករបស់យើង គឺនៅដាច់ពីគ្នា។ ការប្រកួតជាមួយ Liverpool នឹងនៅតែជាផ្នែកមួយនៃប្រវត្តិសាស្រ្តរបស់យើង ហើយវាពិតជាសំខាន់ណាស់សម្រាប់ Atletico ប៉ុន្តែវាពិតជាយូរណាស់មកហើយដែរ»

Leipzig ដឹកនាំដោយគ្រូបង្វឹកវ័យក្មេង Julian Nagelsmann បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៃលីគអាល្លឺម៉ង់ Bundesliga រដូវកាលនេះ និងបានបំបាក់ Tottenham ៤-០ ក្នុងវគ្គ ១៦ក្រុមចុងក្រោយនៅ UEFA Champions League ថែមទៀតផង។

Nagelsmann បាននិយាយកាលពីថ្ងៃអង្គារថា លោកពិតជាចង់ចៀសវាងការប្រឈមមុខដាក់គ្នាជាមួយ Simeone ខ្លាំងណាស់ ប៉ុន្តែគ្មានផ្លូវជ្រើសរើស គ្រាដែលអ្នកចាត់ការគូប្រជែង Atletico មិនឆ្លើយតបដោយផ្ទាល់ទៅនឹងយោបល់ទាំងនោះទេ៕