(បរទេស)៖ ពួកយើងភាគច្រើនប្រហែលធ្លាប់ស្គាល់ ក៏ដូចជាធ្លាប់លឺហើយនូវភាពយន្តភាគចិន «ថាងចេងទៅចម្លងធម៌នៅភាគខាងលិច» ដែលយោងទៅតាមរឿងព្រេងបុរាណចិន។ ក្នុងដំណើរផ្សងព្រេងទៅចម្លងធម៌ ថាំងចេងមានកូនសិស្សចំនួន៣នាក់ រួមមានស្វា ស៊ុន អ៊ូខុង ជ្រូក ប៉ាចេ និងអារក្សទឹក សាចេ។

មុនពេល ស៊ុន អ៊ូខុង ក្លាយជាសិស្សរបស់ថាងចេង អ៊ូខុង បានចំណាយពេល៥០០ឆ្នាំ ជាប់នៅក្រោមភ្នំមួយឈ្មោះថា «ភ្នំម្រាមដៃប្រាំ» Wuzhi Mountain (Wuzhi Shan) បន្ទាប់ពីស្តេចស្វាមួយនេះ បានឡើងទៅអុកឡុកឋានព្រះឥន្ទ ដោយនាពេលនោះ អ៊ូខុង ត្រូវបានព្រះយូឡាយបង្រ្កាប ដោយប្រើបាតដៃសង្កត់ ដែលបានប្រែក្លាយមកជាភ្នំម្រាមប្រាំនេះឯង។

ភ្នំនេះ ជាភ្នំពិតប្រាកដមួយឈ្មោះ អ៊ូឈី ដែលមានន័យថាម្រាមដៃប្រាំ។ វាស្ថិតនៅទីក្រុងអ៊ូឈីសាន ភាគកណ្តាលកោះហៃណានរបស់ចិន។ ភ្នំម្រាមប្រាំមានកម្ពស់ ១,៨៦៧ម៉ែត្រ គឺតាមពិតទៅខ្ពស់ជាងភ្នំថៃ ឬភ្នំថៃសាន ទៅទៀត ដែលជាភ្នំដ៏ល្បីល្បាញបំផុតប្រចាំនៅប្រទេសចិន។ វាមានឈ្មោះថា ម្រាមប្រាំ បែបនេះ គឺដោយសារតែទម្រង់រូបរាងរបស់ភ្នំនេះ ដែលបើមើលឲ្យចំពីជ្រុងមួយ គឺស្រដៀងទៅនឹងម្រាមដៃ។

គួរជម្រាបថា ក្នុងចំណោមម្រាមទាំង៥ របស់ភ្នំអ៊ូឈី ម្រាមទី១ មានកម្ពស់ជាង ១,៣០០ម៉ែត្រ ខណៈម្រាមទី២ គឺខ្ពស់ជាងគេបង្អស់ ជាមួយកម្ពស់ ១,៨៧៦ម៉ែត្រ។ ភ្ញៀវទេសចរអាចឡើងដល់លើកំពូលទាំងពីរនេះបាន ខណៈកំពូលម្រាម៣ទៀត ត្រូវគេអះអាងថាពិបាកក្នុងការឡើង៕