(អាមេរិក)៖ ក្រុមហ៊ុន Microsoft បានប្រកាសឱ្យដឹងនៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ ថា កំពូលស្មាតហ្វូន Surface Duo ដែលប្រើប្រាស់ ប្រព័ន្ធដំណើរការ Android នឹងចាប់ផ្ដើមចេញលក់នៅលើទីផ្សារនៅថ្ងៃទី១០ ខែកញ្ញា ខាងមុខ ក្នុងតម្លៃចាប់ពី ១៣៩៩ដុល្លារអាមេរិកឡើងទៅ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា ជាស្មាតហ្វូនប្រភេទអេក្រង់បត់ ត្រូវបានរចនាឡើង ក្រោយ រូប រាងដូចគ្នាទៅនឹងសៀវភៅដែលគេកំពុងកាន់អាន។ ចំណុចពិសេសរបស់ស្មាតហ្វូនមួយនេះ គឺខុសពីស្មាតហ្វូន Galaxy Z Fold 2 របស់ Samsung ដាច់ ស្រឡះតែម្ដង ដោយវាត្រូវបានក្រុមហ៊ុន Microsoft ផលិតឡើងដោយចែក អេក្រង់ជា២ ដាច់ពីគ្នា មានន័យថាអ្នកប្រើប្រាស់អាចប្រើបានអេក្រង់ ពីរ ក្នុងពេលតែមួយ ជាមួយនឹងមុខងារផ្សេងគ្នា។

ស្មាតហ្វូនមួយនេះ ត្រូវបាន Microsoft បញ្ជាក់ថា វាត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលការងារការិយាល័យ និងការងារមួយចំនួនទៀតសម្រាប់ អ្នក ដែល ខ្ជិលកាន់កុំព្យូទ័រយូរដៃតាមខ្លួន ព្រោះវាត្រូវបានបញ្ជូលនូវមុខងារដ៏សម្បូរបែបរបស់ Microsoft ។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនមួយនេះមិនអាចប្រើជាមួយនឹង 5G បានទេ ហើយសម្រាប់ការចេញលក់ដំបូងគឺមានតែនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ សម្រាប់បណ្ដាប្រទេសផ្សេងៗនៅមិនទាន់ដឹកពីកាលបរិច្ឆេទនោះទេ៕