(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនិងការអភិវឌ្ឍវិជ្ជាជីវៈ(CLPD)ដែលជាផ្នែកមួយនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ត្រូវបានសមាគមដឹកជញ្ជូនតាមអាកាសអន្តរជាតិ (IATA) ទទួលស្គាល់ជាសាលាបណ្តុះបណ្តាលអាកាសចរណ៍ស្តង់ដារ (Aviation Training School) ។

CLPD ដែលមានការទទួលស្គាល់គុណភាពអប់រំ និងវាយតម្លៃខ្ពស់ដោយសមាគម IATA នឹងផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាលជាច្រើនរួមទាំងទំនិញគ្រោះថ្នាក់ផងដែរ (DGR) ។ សិក្ខាកាមដែលបញ្ចប់ការសិក្សានឹងទទួលបានវិញ្ញាបនបត្រការបញ្ជាក់ដោយសមាគម IATA និងទទួលស្គាល់ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ។

សមាគមដឹកជញ្ជូនតាមអាកាសអន្តរជាតិ (IATA) គឺជាសមាគមពាណិជ្ជកម្មក្រុមហ៊ុនអាកាសចរណ៍របស់ពិភពលោកដែលតំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ចំនួន ២៩០ និង ៨២ ភាគរយនៃចរាចរណ៍ផ្លូវអាកាស ។

នាយកប្រតិបត្តិ CLPD និងជាសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់ AUPP លោកបណ្ឌិត Guido Gianasso បានថ្លែងថា «ការទទួលស្គាល់ CLPD ជាសាលាបណ្តុះបណ្តាលអាកាសចរណ៍ស្តង់ដារ (ATS) នៅក្នុងប្រទេសកម្ពុជាដោយ IATA បានផ្តល់ឱកាសឱ្យប្រតិបត្តិករអាកាសចរណ៍ក្នុងស្រុក អ្នកផ្តល់សេវាដឹកទំនិញនិង អាជ្ញាធរមូលដ្ឋានដូចជារដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលទទួលបានការបណ្តុះបណ្តាលមុខជំនាញទំនិញគ្រោះថ្នាក់។»

លោកបណ្ឌិតបន្តថា៖ «ជាការពិតណាស់ កាលពីមុន អ្នកជំនាញផ្នែកដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជាត្រូវហោះទៅសិង្ហបុរី ឬហុងកុងដើម្បីទទួលបានការបណ្តុះបណ្តាលទាក់ទងនឹងទំនិញគ្រោះថ្នាក់ ។ ឥឡូវនេះពួកគេអាចសិក្សានៅ CLPD នៅភ្នំពេញនេះតែម្តង ។ បន្ទាប់ពីបញ្ចប់ការសិក្សា ពួកគេនឹងទទួលបានវិញ្ញាបនប័ត្រទទួលស្គាល់ដោយ IATA និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដោយមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរ និងចំណាយប្រាក់កាសច្រើនសន្ធឹកសន្ទាប់។»

CLPD ផ្តល់ការបណ្តុះបណ្តាលជំនាញលើទំនិញគ្រោះថ្នាក់ដោយផ្អែកលើស្តង់ដាររបស់ IATA ។ ប្រធានបទដែលនឹងត្រូវសិក្សារួមមាន៖ បទប្បញ្ញត្តិស្តីពីទំនិញប្រកបដោយគ្រោះថ្នាក់ គោលការណ៍ណែនាំនៃការដឹកជញ្ជូនទំនិញដែលមានសារធាតុចម្លងមេរោគ និងការដឹកជញ្ជូនសម្ភារៈវេជ្ជសាស្ត្រដែលមានសារធាតុវិទ្យុសកម្ម ។

បទប្បញ្ញត្តិស្តីពីទំនិញប្រកបដោយគ្រោះថ្នាក់របស់សមាគម IATA មានសារៈសំខាន់ណាស់សម្រាប់ សិក្ខាកាមឱ្យទទួលបានបច្ចុប្បន្នភាពព័ត៌មានទាក់ទិននឹងបទប្បញ្ញត្តិ និងនីតិវិធីក្នុងការដឹកជញ្ជូនទំនិញគ្រោះថ្នាក់ និងធានាថាការដឹកជញ្ជូនទំនិញគ្រោះថ្នាក់របស់ពួកគេគោរពតាមស្តង់ដារក្នុងវិស័យនេះ ។

លោកបណ្ឌិត លោក Guido Gianasso បានថ្លែងអំណរគុណដល់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដែលបានផ្តល់កិច្ចសហប្រតិបត្តិការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធដែលបានត្រួសត្រាយផ្លូវឲ្យកម្ពុជាមានកន្លែងបណ្តុះបណ្តាលអាកាសចរណ៍អន្តរជាតិផ្ទាល់ខ្លួនលើកដំបូង ។

CLPD នៅ AUPP គឺជាសាលាបណ្តុះបណ្តាលអាកាសចរណ៍ស្តង់ដារតែមួយគត់របស់ប្រទេសកម្ពុជា ។ គ្រឿងបរិក្ខារ CLPD រួមមានបន្ទប់ទ្វារ A320 បន្ទប់វេជ្ជសាស្ត្រអាកាសចរណ៍ បន្ទប់អគ្គិភ័យអាកាសចរណ៍ និងបន្ទប់បង្ហាត់ជម្លៀសបន្ទាន់។

ក្រៅពីការបណ្តុះបណ្តាលផ្នែកអាកាសចរណ៍ CLPD ក៏ផ្ដល់ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍវិជ្ជាជីវៈលំដាប់ពិភពលោកដល់និយោជក និងបុគ្គលិកក្រុមហ៊ុនដោយទទួលការបង្រៀនពីសាស្រ្តាចារ្យរបស់សាកលវិទ្យាល័យ AUPP និងបណ្ឌិតដែលមានសមត្ថភាពខ្ពស់ពីប្រទេសផ្សេងៗទៀត ។ បេសកកម្មរបស់ពួកគេគឺលើកស្ទួយធនធានមនុស្សដែលអាចប្រើសក្តានុពលរបស់ពួកគេបង្កើនអាជីព និងលើកកម្ពស់អង្គភាពរបស់ពួកគេ។