(ក្រុងតូរីន)៖ Baise Matuidi និង Aaron Ramsey ត្រូវបានអ្នកចាត់ការទូទៅថ្មី លោក Andrea Pirlo ឯកភាពឲ្យចាកចេញពីសេះបង្កង់ Juventus នារដូវក្តៅនេះ បើទោះបីជាពួកគេទើបជួយក្លិបឈ្នះជើងឯក Serie A ជាលើកទី៩ នាពេលថ្មីៗក៏ដោយ។

តាមរយៈព័ត៌មានពីគេហទំព័រ BBC បានចេញផ្សាយថា កីឡាករសញ្ជាតិបារាំង Matuidi ត្រូវបានផ្សាភ្ជាប់ក្នុងការទៅលេងនៅ Major League Soccer ក្នុងក្លិប Inter Miami នៅពេលកិច្ចសន្យាលេងនៅ Allianz Stadium ត្រូវបានផុត កំណត់នៅបំណាច់រដូវកាលឆ្នាំ២០១៩-២០២០ នេះ ដោយបង្ហាញខ្លួនបាន ៤៥ប្រកួតគ្រប់កម្មវិធីរបស់ Juventus រដូវកាលនេះ។

ក្លិបថ្មីដែលកីឡាករវ័យ ៣៣ឆ្នាំអាចនឹងទៅចូលរួមនោះ បានចាញ់ទាំង ៥ប្រកួតនៅលីគកំពូលអាមេរិក MLS នៅពេលចាប់ផ្តើមរដូវកាលដំបូង ដែលមានលោក David Beckham ជាម្ចាស់ក្លិបផ្ទាល់។

ចំណែកឯខ្សែបម្រើ-ប្រយុទ្ធ Aaron Ramsey វិញ ក៏ត្រូវបាន Juventus អនុញ្ញាតឲ្យចាកចេញដោយគ្មានតម្លៃខ្លួនផងដែរ (free transfer) ដោយទើបតែលេងបានជាង ១២ខែប៉ុណ្ណោះក្នុងកិច្ចសន្យារយៈពេល ៤ឆ្នាំនៅប្រទេសអ៉ីតាលី ក្រោមហេតុផលញាំញីទៅដោយបញ្ហារបួសខ្លាំងពេក ដោយទើបតែចូលលេងបាន ១១ប្រកួតប៉ុណ្ណោះក្នុងលីគ ក្រោមការបង្វឹករបស់លោក Maurizio Sarri ដែលត្រូវបានបណ្តេញកាលសប្តាហ៍មុន។

Ramsey ដែលទទួលបានថ្លៃនឿយហត់ប្រមាណជិត ១៨ម៉ឹនដុល្លារក្នុង ១សប្តាហ៍នោះ ពុំទាន់រកក្លិបថ្មីបាននៅឡើយទេ អតីតក្លិបចាស់កាំភ្លើងធំ Arsenal ដែល Mikel Arteta កំពុងដឹកនាំនោះក៏មានបំណងយករូបគេទៅវិញដែរ គ្រាដែលគូប្រជែងនៅ Premier League ដូចគ្នា ស្ករគ្រាប់ Everton ក៏បានទាក់ទងមក Juventus ចង់បានដែរ ដើម្បីយកទៅបំពេញបន្ថែមតំបន់បម្រើ៕