(ភ្នំពេញ)៖ បើទោះបីប្រទេសកម្ពុជាកំពុងញ៉ាំញីដោយជំងឺកូវីដ១៩យ៉ាងណាក្តី តែសកម្មភាពសាងសង់សំណង់លំនៅឋាន ខុនដូ និងអគារពាណិជ្ជកម្មផ្សេងៗនៅតែបន្តសកម្មភាពរបស់ខ្លួន។ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០នេះ អគារខុនដូដ៏ទំនើប និងស៊ីវិល័យ «Leedon Heights» កម្ពស់ ៣៦ជាន់ ក៏បានចាប់ផ្តើមដំណើរការសាងសង់របស់ខ្លួនផងដែរ។
ពិធីបើកការដ្ឋានសាងសង់អគារខុនដូ «Leedon Heights» ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម និងមានការអញ្ជើញចូលរួមពីអាជ្ញាធរ និងក្រុមអ្នកវិនិយោគជាច្រើនរូបទៀត។
ខុនដូ «Leedon Heights» មានទីតាំងស្ថិតនៅក្នុងខណ្ឌសែនសុខ ជិតផ្សារទំនើអ៉ីអនទី២ សាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ១.៥ហិកតា មានអគារចំនួន៤ កម្ពស់ ៣៦ជាន់ ស្មើនឹងប្រមាណ ១,១៩០យូនីត។ ខុនដូនេះ មានចំណតក្រោមដីពីរជាន់ អាចចតរថយន្តបានប្រមាណ ៦៥៧រថយន្ត។
ខុនដូ «Leedon Heights» ត្រូវបានវិនិយោគរួមគ្នារវាងអ្នកវិនិយោគជាជនជាតិខ្មែរ ជាមួយតៃវ៉ាន់ និងសិង្ហបុរី។ ក្នុងពិធីបើកការដ្ឋានសាងសង់ដ៏អធិកអធមនាព្រឹកមិញនេះ លោក ងួន ឆៃលាង ប្រធានគ្រប់គ្រងផ្នែកលក់ខុនដូ បានថ្លែងឱ្យដឹងថា ខុនដូ «Leedon Heights» ជាអគាររស់នៅបែបទំនើប និងស៊ីវិល័យបំពាក់ដោយបរិក្ខាសម្បូរបែប និងទាន់សម័យ។
បើតាមលោក ងួន ឆៃលាង បានឱ្យដឹងថា ខុនដូ «Leedon Heights» ត្រូវបានសាងសង់ឡើងដោយគិតគូរខ្ពស់បំផុតក្នុងការផ្តល់នូវផាសុខភាពដល់អ្នករស់នៅ ដោយមានអាងហែលទឹកស្តង់ដារអូឡាំពិកសម្រាប់មនុស្សពេញវ័យ សម្រាប់កុមារ កន្លែងក្មេងលេង ក្លឹបហាត់ប្រាណ សាលប្រារព្ធពិធី ហាងទំនិញ មជ្ឈមណ្ឌលមើលថែកុមារតូចៗ និងបន្ទប់សិក្សាផងដែរ។ ខុនដូ «Leedon Heights» គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤។
ក្រៅតែពីផ្តល់នូវគុណតម្លៃខ្ពស់សម្រាប់ការរស់នៅហើយនោះ ខុនដូ «Leedon Heights» ស្ថិតក្នុងភូមិសាស្ត្រមួយដែលប្រមូលផ្តុំទៅដោយផ្សារទំនើប កន្លែងលក់ដូទំនិញ និងបណ្តាញផ្លូវតភ្ជាប់ឆ្ពោះទៅកាន់តំបន់សំខាន់ជាច្រើនដូចជាប្រលានយន្តហោះអន្តរជាតិជាដើម។
លោក ហ៊ង ភាព អគ្គនាយក និងជាម្ចាស់ភាគហ៊ុនគម្រោងខុនដូ «Leedon Heights» បានថ្លែងថា «គម្រោង Leedon Height របស់យើង គឺស្ថិតនៅលើតាំងមួយដែលហ៊ុមព័ទ្ធទៅដោយលំនៅដ្ឋានធំៗជាច្រើន ហើយយើងចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ពីផ្សារទំនើបអ៉ីអនម៉ល ផ្សារលក់ដុំម៉ាក្រូ និង មជ្ឈមណ្ឌល Premiere សែនសុខ និងទីលានវាយកូនហ្គោលផងដែរ»។
លោកអគ្គនាយកបន្ថែមថា «គម្រោងរបស់យើងមានគោលបំណងដ៏ធំមួយ គឺសាងសង់លំនៅដ្ឋានដ៏ល្អប្រណិត សម្រាប់ប្រជាជនរបស់ យើង ដែលជាលំនៅឋាន និង ជាក្ដីស្រមៃដែលពួកគាត់ទន្ទឹងរង់ចាំជាយូរមកហើយ។ ផាសុកភាព គឺជាកត្តាចម្បងដ៏សំខាន់របស់យើង នៅពេលដែលយើងចាប់ផ្តើមរចនាអគារ Leedon Heights នេះឡើង»។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានសម្តែងការស្វាគមន៍យ៉ាងក្តៅចំពោះការបើកដំណើរការសាងសង់នូវគម្រោងខុនដូ «Leedon Heights»។ លោកទេសរដ្ឋមន្ត្រី បានចាត់ទុកការសាងសង់គម្រោងខុនដូនេះ គឺជាការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវមួយ ដោយសារប្រទេសកម្ពុជាក្រោមម្លប់សន្តិភាពមានការអភិវឌ្ឍលើ គ្រប់វិស័យ មានសុខសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយ មានលំនឹងម៉ាក្រូ សេដ្ឋកិច្ច ផ្អែកទៅលើកំណើនសេដ្ឋកិច្ចរឹងមាំជារៀងរាល់ឆ្នាំ បរិយាកាស ទីតាំងវិនិយោគមាន អំណោយផលល្អ។ ជាពិសេសមានទំនុកចិត្តទៅលើរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
លោកទេសរដ្ឋមន្ត្រី ក៏បានគូសរំលេចផងដែរថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានកំណត់យ៉ាងច្បាស់ថា ផ្នែកឯកជន គឺជាកម្លាំងចលករមួយដ៏សំខាន់នៃការអភិវឌ្ឍ និងជាក្បាលម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ចជាតិ។ ឈរលើគោលនយោបាយនេះ ធ្វើឱ្យក្រុមហ៊ុនជាច្រើនមកពីបណ្ដាប្រទេសជុំវិញពិភពលោក បានចូលមកបណ្ដាក់ទុនវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានស្នើដល់អជ្ញាធរពាក់ព័ន្ធសូមជួយសហការ និងបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុន ដើម្បីឱ្យគម្រោងខុនដូនេះបានដំណើរការសាងសង់ដោយរលូន និងបញ្ចប់ដោយជោគជ័យ។
ក្រុមហ៊ុន «Leedon Heights» មិនត្រឹមតែរួមចំណែកជួយជំរុញដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចរបស់ជាតិកម្ពុជាតាមរយៈការវិនិយោគរបស់ខ្លួនប៉ុណ្ណោះទេ តែក៏តែងតែចូលរួមធ្វើសកម្មភាពមនុស្សធម៌នានានៅក្នុងសង្គមផងដែរ។
ក្នុងឱកាសបើកការដ្ឋានខុនដូនាព្រឹកមិញនេះ ក្រុមហ៊ុន «Leedon Heights» ក៏បានជួយសាងសង់ផ្ទះចំនួន ១០ខ្នង ស្មើនឹងថវិកាប្រមាណ ៣០,០០០ដុល្លារ ជូនអតីតយុទ្ធជនកម្ពុជាផងដែរ។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណក្រុមហ៊ុន ហើយចាត់ទុកកាយវិការនេះ ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងសកម្មភាពមនុស្សធម៌ ដើម្បីជួយទៅដល់អតីតយុទ្ធជនដែលជាអ្នកបានធ្វើពលិកម្មលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី និងនាំមកនូវសុវត្ថិភាព សន្តិភាពជូនជាតិកម្ពុជា៕