(ពិភពលោក)៖ មហាត្មៈគន្ធី (Mahatma Gandhi) គឺជាអតីតមេដឹកនាំ និងជាអ្នកនយោបាយ ដែលមានឈ្មោះបោះសម្លេងជនជាតិឥណ្ឌាមួយរូប កាន់សាសនាហិណ្ឌូ។ លោកត្រូវបានប្រជាជនឥណ្ឌា ចាត់ទុកថាជាបុរសរដ្ឋ ក៏ព្រោះតែលោកបានរំដោះប្រជាជនឥណ្ឌាជាង ៣០០លាននាក់ ពីអាណានិគមអង់គ្លេស ដែលធ្លាប់គ្រប់គ្រងប្រទេសគាត់ អស់រយៈពេលជិត ២សតវត្ស នៅសម័យអតីតកាល។ តើមហាត្មៈគន្ធី បានធ្វើសកម្មភាពអ្វីខ្លះ ដើម្បីស្វែងរកយុត្តិធម៌ជូនជាតិ ពីពួកជនជាតិស្បែកសនេះ?

ថ្ងៃនេះ Fresh News Plus នឹងចែករំលែកចំណេះដឹងទូទៅ ពាក់ព័ន្ធនឹងមហាត្មៈគន្ធី ដល់ប្រិយមិត្តអ្នកអានដូចខាងក្រោម៖

* អំពីសាវតារ៖

មហាត្មៈគន្ធី (Mahatma Gandhi) មានឈ្មោះដើមថា មហាន់ដាស ក្រាមចណ្ឌ គន្ធី (Mohandas Karamchand Gandhi) កើតនៅថ្ងៃទី២ ខែតុលា ឆ្នាំ១៨៦៩ ក្នុងរដ្ឋគុជរាត ភាគខាងលិចនៃប្រទេសឥណ្ឌា។ ឪពុករបស់គាត់មានប្រពន្ធច្រើននាក់ ហើយគាត់ជាកូនប្រពន្ធទី៤។

ទាំងជីតា និងឪពុករបស់លោក ធ្លាប់ធ្វើជាអគ្គមហាសេនាបតីនៃរដ្ឋគុជរាត ដែលនេះបង្ហាញឲ្យឃើញថា ឋានៈរបស់មហាត្មៈគន្ធី មិនមែនក្រីក្រ និងលំបាកនោះឡើយ។ លុះឆ្នាំ១៨៦៩ ពេលអាយុបាន ១៣ឆ្នាំ គន្ធីក៏រៀបអាពាហ៍ពិពាហ៍ ដោយសារទំនៀមទម្លាប់អ្នកស្រុក ដែលតម្រូវឲ្យប្រជាជន យកគូរស្រករតាំងពីនៅវ័យក្មេងៗ។

លោកបានទទួលការសិក្សាតមក រហូតបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យអាហ៍មេដាប័ត ហើយបានសម្រេចចិត្តថា នឹងទៅសិក្សាវិជ្ជាផ្នែកច្បាប់ នៅឯទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ គន្ធីបានសិក្សានៅក្នុងទីក្រុងឡុងដ៍ នៅក្នុងឆ្នាំ១៨៨៦ ហើយសិក្សាអស់រយៈពេល៣ឆ្នាំ ក៏ត្រឡប់មកឥណ្ឌាវិញ និងបានតាំងការិយាល័យមេធាវី នៅឯទីក្រុងប៊ុមបៃ។ លោកបានធ្វើការសាកល្បង ២ឆ្នាំ តែមិនសូវបានផល ក៏ធ្វើដំណើរទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូងវិញ។

មូលហេតុដែលលោកសម្រេចចិត្តទៅទីនោះវិញ ក៏ព្រោះនៅអាហ្វ្រិកខាងត្បូង មានមនុស្សជនជាតិឥណ្ឌារស់នៅយ៉ាងសន្ធឹកសន្ធាប់ ហើយមានសង្ឃឹមថា នឹងប្រកបអាជីពជាមេធាវីបានល្អជាងនៅឥណ្ឌា។ ជីវិតនៅអាហ្វ្រិចខាងត្បូងនេះហើយ គឺជាពេលវេលានៃចាប់ផ្តើមឲ្យលោក ប្រែក្លាយទៅជាអ្នកនយោបាយវិញ ព្រោះលោកជួបនឹងបញ្ហារើសអើងមួយ ដ៏គួរឲ្យស្អប់ខ្ពើម បំផុតនិងអាម៉ាស់។

* អំពីមេធាវីក្លាយជាអ្នកនយោបាយ៖

គ្រាមួយពេលធ្វើដំណើរនៅអាហ្វ្រិកខាងត្បូង គន្ធីបានទិញសំបុត្ររថភ្លើងជាន់ទី១ (First Class) ជាជាន់ដែលមានផាសុកភាពបំផុត ហើយក៏ថ្លៃបំផុតដែរ ទៅកាន់ក្រុងប្លាតូនៀ (Platonia) ដែលកូនក្តីត្រូវការ។ ប៉ុន្តែអ្នកដំណើរនៅជាន់ទី១ ជាមួយគ្នាដែលជាជនជាតិស្បែកស មិនពេញចិត្តជនជាតិស្បែកខ្មៅដូចជារូបគាត់ ដែលមកជិះជាមួយពួកគេឡើយ។

ពួកជនជាតិស្បែកសទាំងនោះ បានប្តឹងសន្តិសុខរក្សាសណ្តាប់ធ្នាប់ និងឲ្យដេញគន្ធីចេញពីជាន់ទី១។ សន្តិសុខក៏ដើរមកប្រាប់គាត់ ឲ្យប្តូរកន្លែងទៅជាន់ទី៣ ដែលជាជាន់មិនមានផាសុកភាព តម្លៃក៏ថោកបំផុត ទោះជាគន្ធីបានទិញសំបុត្រសំរាប់ជាន់ទី១ ដោយត្រឹមត្រូវក៏ដោយ។ គន្ធីបានបដិសេធចំពោះរឿងនេះ ធ្វើឲ្យជម្លោះនៅក្នុងរថភ្លើងជាន់ទី១ កាន់តែតានតឹងឡើងៗ។

ពេលដល់ចំណតស្ថានីយ៍ទី១ មិនយូរប៉ុន្មាន គន្ធីត្រូវបានគេចាប់បោះចេញពីលើរថភ្លើង ដែលធ្វើឲ្យគាត់មានក្តីអាម៉ាស់យ៉ាងខ្លាំង ហើយការឈឺចាប់នេះ បានធ្វើឲ្យគាត់ចង់មានការផ្លាស់ប្តូរ និងរើបម្រះចេញពីនឹមអាណានិគមអង់គ្លេស។ មួយសប្តាហ៍ក្រោយមក គាត់បានរៀបចំការប្រជុំអន្តោប្រវេសន៍ជនជាតិឥណ្ឌា ហើយគំនិតរបស់គាត់ បានរីកចម្រើនលើសពីការរំពឹងទុកទៅទៀត។

គួរកត់សម្គាល់ថា រឿងរ៉ាវរបស់គន្ធីនៅអាហ្វ្រិកខាងត្បូង ជារឿងល្វីងជូរចត់បំផុតក្នុងជីវិត ដែលត្រូវគេទាត់ធាក់ វាយតប់ គប់ ក្រវេង ត្រូវគេប្រទូស្តរាយ ប្រមាថ មើលងាយ មើលថោក គ្រប់បែបគ្រប់យ៉ាង តែតមកក៏អាចសាងខ្លួនបាន។ ជីវិតនៅអាហ្វ្រិកខាងត្បូង ជាការចាប់ផ្តើមជីវិតថ្មីរបស់គន្ធី ដែលធ្វើឲ្យគន្ធី ក្លាយជាទីគោរពបូជារបស់ជនជាតិឥណ្ឌា ហើយជាមូលហេតុឲ្យកើតរហស្សនាមថា «មហាត្មៈ» ឡើងតាំងពីពេលនោះមក។

* អំពីមូលហេតុរើបម្រះពីអង់គ្លេសកាន់តែខ្លាំង៖

សម័យនោះ នៅអាហ្រ្វិចខាងត្បូង ជនជាតិឥណ្ឌា និងអាហ្វ្រិច តែងតែស្ថិតនៅក្រោមអំណាចនាយទុនពួកស្បែកសជានិច្ច។ មហាត្មៈគន្ធី បានចាប់ផ្តើមពង្រីកសហគមន៍ពីបណ្តាជនជាតិ និងសាសនាផ្សេងៗបន្ថែមទៀត ហើយធ្វើឲ្យពួកគេរស់នៅជាមួយគ្នាយ៉ាងស្មើភាព។

នៅឆ្នាំ១៩០៦ ច្បាប់ថ្មីបានកំណត់ថា ជនជាតិទាំងអស់ត្រូវចុះបញ្ជីអត្រានុកូលដ្ឋាន និងត្រូវផ្តិតមេដៃ រហូតដល់បញ្ជាឲ្យស្ត្រីជនជាតិឥណ្ឌា ដោះសម្លៀកបំពាក់ នៅចំពោះមុខអាជ្ញាធរស្បែកសទៀតផង។ ដោយកំហឹងពុំពារខ្លាំង ជនជាតិឥណ្ឌាជាង ៣,០០០នាក់ បានមករួមប្រជុំគ្នានៅកន្លែងសាធារណៈមួយ ដើម្បីធ្វើការប្រឆាំងនឹងច្បាប់នោះ។

ក្នុងចំណោមនោះ មហាត្មៈគន្ធី បានក្រោកឈរហើយស្រែកឡើងថា «យើងនឹងសូត្រភាវនានៅចំពោះមុខព្រះជាម្ចាស់ថា ពួកយើងសុខចិត្តចូលគុកហើយយើងនឹងរស់នៅទីនោះរហូត គេលុបច្បាប់នេះចោលវិញ»។ សម្តីរបស់គន្ធី បានដុតបញ្ឆេះឲ្យមានការធ្វើបាតុកម្មប្រឆាំង ក្នុងទ្រង់ទ្រាយដ៏ធំមួយ ដែលពុំមានអ្នកណានឹកស្មានដល់។
ពួកគេយកតម្រាប់តាមគន្ធី ហើយតស៊ូអត់ទ្រាំជាមួយនឹងការវាយដំ ធ្វើបាបពីសំណាក់ពួកប៉ូលីសស្បែកស និងសុខចិត្តឈឺចាប់ដោយមិនតបតអ្វីឡើយ។ ការមិនតបតនេះហើយ ដែលគេហៅវិធីសាស្ត្ររបស់គាត់ថា «វិធីប្រឆាំងបែបអហិង្សា»

នៅឆ្នាំ១៩១៣ អាជ្ញាធរស្បែកស ដែលគ្រប់គ្រងនៅអាហ្វ្រិចខាងត្បូង បានចេញច្បាប់មួយទៀតថា ការរៀបការតាមបែបហិណ្ឌូ និងអ៉ីស្លាម ត្រូវចាត់ទុកថាមោឃៈ។ ប្រការនេះ ធ្វើឲ្យគន្ធីបង្កើតការតវ៉ាកាន់តែខ្លាំងថែមទៀត ពេញផ្ទៃប្រទេសតែម្តង។ ច្បាប់អាពាហ៍ពិពាហ៍ថ្មីនេះ មានកម្មករជាង ៥០,០០០នាក់ នាំគ្នាឈប់ធ្វើការ ធ្វើឲ្យអាជ្ញាធរស្បែកស លុបច្បាប់នោះចេញវិញ។ មូលហេតុនេះហើយ ធ្វើឲ្យគន្ធីជឿជាក់ថា កម្លាំងមហាជន អាចយកឈ្នះលើអំពើជិះជាន់បាន។

* អំពីការធ្វើសកម្មភាពទាមទារឯករាជ្យពីអង់គ្លេស៖

នៅឆ្នាំ១៩១៥ មហាត្មៈគន្ធីបានត្រឡប់ទៅកាន់ប្រទេឥណ្ឌាវិញ ដែលកាលនោះលោកមានអាយុ ៤៥ឆ្នាំហើយ។ ទៅដល់ប្រទេសកំណើតវិញ មហាត្មៈគន្ធី ក៏ចាប់ផ្ដើមមើលឃើញពីការលំបាក របស់ជនជាតិឥណ្ឌា ដែលបានរស់នៅក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹង និងជិះជាន់លើជនជាតិរបស់ខ្លួន ដែលធ្វើឲ្យពួកគេមានជីវភាពក្រីក្រ។ ពេលនោះលោកមានគំនិត ចង់ឲ្យជនជាតិរបស់ខ្លួនទទួលបានសិទ្ធិជាម្ចាស់ នៅលើទឹកដីយ៉ាងពិតប្រាកដ ពោលគឺមិនត្រូវការការគ្រប់គ្រងពីបណ្ដាប្រទេសដទៃឡើយ។

នៅឆ្នាំ១៩១៩ លោកបានបំផុសស្មារតីប្រជាជនទូទាំងប្រទេស ឲ្យក្រោកឈរប្រឆាំងនឹងច្បាប់របស់ពួកស្បែកស។ ជាបន្តបន្ទាប់មកទៀត សកម្មភាពបំផុសគំនិត ដើម្បីប្រឆាំងនឹងការគ្រប់គ្រងរបស់អង់គ្លេស ក៏បានធ្វើឡើងដ៏សកម្មបំផុត។ មហាត្មៈគន្ធី បានបង្រៀនដល់ប្រជាជនឲ្យចេះមានការអត់ឱន អត់ធ្មត់ និងចេះអធ្យាស្រ័យគ្នា ប៉ុន្តែមិនត្រូវចុះញ៉មក្នុងការទាមទាររកសេរីភាពឡើយ។

យ៉ាងណាក៏ដោយ រាល់ការប្រមូលផ្ដុំដើម្បីធ្វើការតវ៉ាប្រឆាំងទាំងនោះ តែងតែទទួលរងនូវការបង្ក្រាប យ៉ាងចាស់ដៃពីសំណាក់អាជ្ញាធរអង់គ្លេស។ មិនត្រឹមតែប៉ុណ្ណោះ មហាត្មៈគន្ធី តែងតែត្រូវបានអាជ្ញាធរអង់គ្លេស ចាប់យកទៅដាក់គុកច្រើនដងផងដែរ។

បើទោះបីជាមានការបង្ក្រាបយ៉ាងខ្លាំងក្លាយ៉ាងណាក្ដី ចលនាប្រឆាំង ដែលដឹកនាំដោយមហាត្មៈគន្ធីមិនបានចុះញ៉មឡើយ ពោលគឺពីមួយថ្ងៃទៅមួយថ្ងៃ មានមនុស្សចូលរួមកាន់តែច្រើនឡើងៗ។ ជាការកត់សម្គាល់មួយទៀត នៅពេលដែលលោកត្រូវបានគេឃុំឃាំងក្នុងគុកនោះ មហាត្មៈគន្ធី តែធ្វើការប្រឆាំងនឹងពួកអង់គ្លេស ដោយមិនទទួលទានបាយ ឬទឹកអ្វីឡើយ។

សកម្មភាពតវ៉ាទាមទារឯករាជ្យកាន់តែរីកធំឡើងៗ ដែលធ្វើឲ្យអង់គ្លេសពិបាកគ្រប់គ្រង ឬហៅថា វាជាការគ្រប់គ្រងដ៏ពិបាកមិនដែលជួប តាំងពីដាក់អាណានិគមលើឥណ្ឌា តាំងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៨៥៨។ ក្នុងពេលនោះគេសង្កេតឃើញថា ជម្លោះសាសនាក្នុងប្រទេសឥណ្ឌាក៏បានកើតឡើងយ៉ាងខ្លាំងផងដែរ រវាងក្រុមអ្នកកាន់សាសនាហិណ្ឌូ និងក្រុមអ្នកកាន់សាសនាឥស្លាម។

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៧ អង់គ្លេសក៏បានសម្រេចផ្ដល់ឯករាជ្យ ទៅឲ្យឥណ្ឌាវិញដោយសារតែមិនអាចគ្រប់គ្រងស្ថានការណ៍។ នៅពេលនោះក៏ជាពេលដែលឥណ្ឌា ត្រូវបានបែកចែកទឹកដីមួយភាគ ទៅឲ្យក្រុមអ្នកកាន់សាសនាអ៉ីស្លាម ហើយក្លាយជាប្រទេសប៉ាគីស្ថាន រហូតដល់សព្វថ្ងៃនេះ។

* អំពីមូលហេតុនៃការស្លាប់ដោយសារត្រូវគេធ្វើឃាត៖

បន្ទាប់ពីគ្រប់គ្រងឥណ្ឌាស្ទើរតែ២០០ឆ្នាំទៅហើយនោះ អង់គ្លេសទន់ដៃ និងបានប្រគល់ឯករាជ្យដល់ឥណ្ឌាវិញ ក្រុមអ្នកកាន់សាសនាហិណ្ឌូ និងឥស្លាម «បានងាកមខាំគ្នាឯងវិញម្តង» ឬនិយាយបានថា អស់សត្រូវពីខាងក្រៅ ក៏បង្កើតសត្រូវខាងក្នុងដោយខ្លួនឯង។ ក្រុមជនជាតិអ៉ីស្លាមភាគតិច បានទាមទារបំបែកខ្លួន និងក្លាយជាប្រទេសប៉ាគីស្ថានសព្វថ្ងៃ។

ការពុះប្រទេសឥណ្ឌាជាពីរបែបនេះ បានធ្វើឲ្យមហាត្មៈគន្ធីមានការពិបាកចិត្តយ៉ាងខ្លាំង ប៉ុន្តែគ្មានវិធីណាដែលអាចរួបរួមគ្នាវិញឡើយ។ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៤៨ មហាត្មៈគន្ធី ត្រូវបានគេលួចធ្វើឃាត ខណៈលោកកំពុងដើរទៅកាន់កន្លែងសូត្រធម៌។ ឃាតក ដែលបាញ់សម្លាប់គាត់នេះ គឺជាពួកកាន់សាសនាហិណ្ឌូនិយមជ្រុល ដែលមិនសប្បាយចិត្ត ចំពោះការអនុញ្ញាតឲ្យមានការពុះចែកទឹកដីឥណ្ឌា៕