(ភ្នំពេញ)៖ ក្លិបគិរីវង់សុខសែនជ័យ បាននាំចូលកីឡាករក្នុងស្រុក ៣រូប មកពង្រឹងក្រុមនៅជើងទី២ នៃលីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិផងដែរ ក្នុងនោះមានកីឡាករ សេង សារ៉ាវុធី, ប្រាក់ សុវណ្ណពិសិដ្ឋ និងអ្នកចាំទី ឈិន ឆៃនុត។
ចំពោះ សេង សារ៉ាវុធី បានផ្ទេរមកពីក្លិបណាហ្គាវើលដ៏ ស្របពេលរូបគេ ក៏ធ្លាប់លេងឲ្យគិរីវង់ពីមុនដែរ។ រីឯ ប្រាក់ សុវណ្ណពិសិដ្ឋ ជាអតីតកីឡាករក្លិបសូលទីឡូអង្គរ ស្របពេលអ្នកចាំទីវ័យក្មេង ឈិន ឆៃនុត ដែលត្រូវបានក្លិបកំពុងឈរលេខ១០ នៃលីគកំពូលកម្ពុជា ខ្ចីដៃពីក្លិបភ្នំពេញក្រោន។
ការប្រកាសនាំចូលសមាជិកថ្មីខាងលើ គឺមុនពេលប៉ុន្មានម៉ោង ដែលក្លិបគិរីវង់សុខសែនជ័យ បើកទ្វារផ្ទះទទួលក្លិបនគរបាលជាតិ ក្នុងជំនួបជើងទី១ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ វគ្គ ១៦ក្រុមចុងក្រោយ ដោយបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ ហើយពួកគេខ្លះក៏បានបង្ហាញខ្លួនក្នុងការប្រកួតនេះដែរ៕