(បូលីវី)៖ សហព័ន្ធបាល់ទាត់ប្រទេសបូលីវី (FBF) បានបង្ហាញនូវផែនការ ក្នុងការចាប់ផ្តើមសកម្មភាព កីឡាបាល់ទាត់លំដាប់កំពូល នៅក្នុងប្រទេសរបស់ខ្លួនឡើងវិញ នៅខែតុលាខាងមុខ បន្ទាប់ពីបានផ្អាកសកម្មភាព អស់រយៈពេលជាច្រើនខែ ដោយសារតែការរីករាលដាល នៃវីរ៉ុស COVID-19, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយនាថ្ងៃពុធ, FBF បានឲ្យដឹងថា រដូវកាលលីគបាល់ទាត់ Apertura អាចនឹងបន្តចាប់ផ្តើមឡើងវិញ នៅថ្ងៃទី២១ ខែតុលា ឬក៏ថ្ងៃទី២៥ ខែតុលាខាងមុខ ស្ថិតក្រោមគោលការណ៍យ៉ាងតឹងរឹង ផ្នែកជីវសុវត្ថិភាព ហើយមិនមានអ្នកគាំទ្រ ចូលរួមទស្សនាផ្ទាល់នោះទេ។
លីគបាល់ទាត់លំដាប់កំពូល របស់បូលីវី ត្រូវបានផ្អាកសកម្មភាព នៅថ្ងៃទី១៦ ខែមីនា, មិនដល់មួយសប្តាហ៍នោះទេ បន្ទាប់ពីអង្គការសុខភាពពិភពលោក បានប្រកាសពីការរីករាលដាល នៃវីរ៉ុស COVID-19។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះ បូលីវី មានករណីឆ្លងវីរ៉ុស COVID-19 ជាង៩៥,០០០ករណី ក្នុងនោះជាង៣,៨០០ករណីបានស្លាប់៕