(អាមេរិក)៖ យោងតាមរបាយការណ៍ស្រាវជ្រាវថ្មីមួយបានបង្ហាញឱ្យដឹងថា ពលរដ្ឋអាមេរិកបាននាំគ្នាសម្រុក Download កម្មវិធី WeChat ក្រោយពេល លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ប្រកាសគំរាមបិទកម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុនចិនមួយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។
សារព័ត៌មាន Reuters បានសហការជាមួយនឹងស្ថាប័ន Sensor Tower ដើម្បីស្រាវជ្រាវទៅលើចំនួនអ្នក Download កម្មវិធី WeChat នៅសហរដ្ឋអាមេរិក ដោយក្នុងនោះបានរកឃើញថា ក្នុងរយៈពេល ៦ថ្ងៃ ចំនួនអ្នក Download កម្មវិធី WeChat នៅអាមេរិកបានកើនឡើងរហូតដល់៤១ភាគរយ ដែលជាទិន្នន័យខ្ពស់ ជាពិសេសគឺពលរដ្ឋអាមេរិកបាន Download កម្មវិធីសម្រាប់លាក់ IP ឬ Address (VPN) សម្រាប់ភ្ជាប់ជាមួយនឹងកម្មវិធី WeChat។
តាមការវិភាគរបស់ស្ថាប័នទាំងពីរខាងលើបានឱ្យដឹងថា ពលរដ្ឋអាមេរិកបានសម្រុក Download កម្មវិធី WeChat ព្រោះខ្លាចពេលខាងមុខឆាប់ៗនេះ វាត្រូវបានលុបចេញពី App Store ឬ Play Store អាមេរិក តាមបញ្ជារបស់លោកដូណាល់ ត្រាំ ហើយដើម្បីប្រើកម្មវិធី WeChat នៅអាមេរិកបាន លុះត្រាតែពួកគេធ្វើការប្រើកម្មវិធីជំនួស (ប្ដូរ VPN)។
គួរបញ្ជាក់ផងដែរថា កម្មវិធី WeChat នៅមិនទាន់ច្បាស់ថា ត្រូវបានបិទនៅសហរដ្ឋអាមេរិកនាពាក់កណ្ដាលខែកញ្ញា ឬមួយយ៉ាងណាទេ គ្រាន់តែនៅពេលនេះ លោកត្រាំបានគំរាមបិទ TikTok ដោយទុកពេល៤៥ថ្ងៃ ចំណែក WeChat អាចនឹងប្រឈមមុខបិទនៅក្នុងថ្ងៃតែមួយជាមួយ TikTok ក៏អាចថាបាន៕