(លីស្បោន)៖ កីឡាករខ្សែបម្រើ-ប្រយុទ្ធ Arturo Vidal របស់ក្លិបអ្នកមានបុណ្យ FC Barcelona បានចាត់ទុក Bayern Munich បានជួបក្រុមដ៏អស្ចារ្យបំផុតដែលកំពុងឈានទៅឈ្នះពានរង្វាន់អឺរ៉ុប UEFA Champions League នារដូវកាលនេះផងដែរ។

ការថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា មុនជំនួប FC Barcelona ប៉ះ Bayern Munich នៃវគ្គ ៨ក្រុមចុងក្រោយនៃ Champions League ដែលនឹងធ្វើឡើងនៅរាត្រីថ្ងៃសុក្រ ទី១៤ ខែសីហានេះ នៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់។

Vidal ថ្លែងដោយជឿជាក់ថា «ខ្ញុំមានសុទិដ្ឋិនិយមជាខ្លាំងចំពោះ FC Barcelona ថាជាក្រុមល្អបំផុតក្នុងលោក ដោយបញ្ហាត្រង់ថា ពួកយើងមិនដែលបញ្ចេញនោះទេ។ អ្នករាល់គ្នាតែងគិតថា Robert Lewandowski ជាកំពូលខែប្រយុទ្ធល្អបំផុត លើស Luis Suarez ទៅទៀត តែតាមពិតវាមិនដូច្នោះទេ»។

Vidal ដែលបានចាកចេញពីក្លិបធំរបស់អាល្លឺម៉ង់ Bayern Munich កាលខែសីហា ឆ្នាំ២០១៨ ដើម្បីមកចូលរួមជាមួយ ក្រុមអេស្ប៉ាញ Barcelona នោះ សង្ឃឹមថា ខ្សែប្រយុទ្ធដែលមិនអាចខ្វះបាន Lionel Messi នៅតែបន្តធ្វើបានល្អក្នុងជំនួបទល់នឹងក្លិបចាស់របស់គេរាត្រីនេះ ដូចកាលទម្លាក់ទម្លាក់ក្រុមពពកស Napoli ចេញពី Champions League ត្រឹមវគ្គ ១៦ក្រុមចុងក្រោយនៅពេលដែលកីឡាករអាហ្សង់ទីនពាក់លេខ១០ រកបាន ១គ្រាប់ និង Assist ១គ្រាប់ដូចគ្នា។

តែយ៉ាងណា Bayern Munich ជាក្រុមជើងឯកមកពីអាល្លឺម៉ង់ដែលឈ្នះពាន ២ក្នុងដៃរួចទៅហើយរួមមាន Bundesliga និង German Cup គ្រាដែលក្រុមរបស់លោក Quique Setien មិនទាន់បាន ១នៅឡើយទេ និងជាក្តីសង្ឃឹមចុងក្រោយក្នុងការឡើងទៅវគ្គ ៤ក្រុមចុងក្រោយរបស់អេស្ប៉ាញ បន្ទាប់ពី Real Madrid និង Atletico Madrid ហាលអាវអស់ហើយ៕