(ភ្នំពេញ)៖ ABA ដែលជាធនាគារពាណិជ្ជនាំមុខផ្នែកហិរញ្ញវត្ថុឌីជីថល និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ដែលជាគ្រឹះស្ថានស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់បណ្តុះយុវជនកម្ពុជាឲ្យមានសហគ្រិនភាព និងសមត្ថភាពនវានុវត្តន៍ នៅក្នុងបច្ចេកវិទ្យាកំពុងអភិវឌ្ឍ និងដំណោះស្រាយឌីជីថលថ្មីៗ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីកិច្ចសហប្រតិបត្តិការលើបញ្ហាផលប្រយោជន៍ទៅវិញទៅមក ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ធុរកិច្ចថ្មី និងនវានុវត្តន៍។

កិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលនេះ នឹងគ្របដណ្តប់លើកម្មវិធីផ្សេងៗជាច្រើន របស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ»។ នៅក្នុងអនុស្សរណៈនេះ ធនាគារ ABA នឹងផ្តល់កម្មវិធីទូទាត់ PayWay ដល់គំនិតផ្តួចផ្តើមគម្រោង និងធុរកិច្ចថ្មីៗរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ព្រមទាំងអនុញ្ញាតឲ្យប្រើប្រាស់បរិស្ថាន Sandbox របស់ PayWay សម្រាប់គោលបំណងសាកល្បង និងនវានុវត្តន៍នានា។

ជាការចូលរួមរបស់ខ្លួន មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» នឹងដាក់ឲ្យប្រើប្រាស់ និងផ្តល់អាទិភាពដល់កម្មវិធី PayWay របស់ធនាគារ ABA ធ្វើជាប្រព័ន្ធទូទាត់អនឡាញ ដែលត្រូវជ្រើសរើសសម្រាប់គម្រោង និងគំនិតផ្តួចផ្តើមនានារបស់ខ្លួន ព្រមទាំងសហការយ៉ាងសកម្មជាមួយធនាគារ ABA ដើម្បីជំរុញឲ្យមានកំណើនការទូទាត់អនឡាញ ប្រព័ន្ធអេកូធុរកិច្ចថ្មី និងទិដ្ឋភាពបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។

លោក Zokhir Rasulov នាយកឌីជីថលនៃធនាគារ ABA បានថ្លែងថា «យើងមានសេចក្តីរីករាយដែលបានសហប្រតិបត្តិការ ជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ ក្នុងការផ្តល់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់អនឡាញដ៏ទំនើបរបស់យើង ដល់សហគ្រិនបច្ចេកវិទ្យា និងអនុញ្ញាតឲ្យពួកគេប្រើប្រាស់កម្មវិធីនេះ ជាមួយនឹងគំនិតរបស់ពួកគេ។ យើងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ការគាំទ្ររួមដល់សមាជិកមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ ដើម្បីស្វែងយល់ និងប្រើប្រាស់គំនិតរបស់ពួកគេ ក្នុងការបង្កើតអាជីវកម្មដ៏ជោគជ័យ នៅក្នុងយុគសម័យឌីជីថល»

លោកបណ្ឌិត តាំង ងួនលី នាយកមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានថ្លែងថា «អនុស្សរណៈយោគយល់នេះ ជំរុញនូវការរៀនសូត្រតាមរយៈការអនុវត្ត លើគ្រប់ផ្នែកនៃធុរកិច្ចថ្មីឌីជីថល ហើយនវានុវត្តជននឹងទទួលបានការទូទាត់ឌីជីថល ដោយផ្ទាល់អំពីអត្ថប្រយោជន៍នៃការអភិវឌ្ឍផលិតផល/សេវាកម្មរបស់ពួកគេ»។

លោកបណ្ឌិត តាំង ងួនលី បន្ថែមទៀតថា «ជាមួយសំណុំសម្បូរបែបនៃ APIs និង SDKs របស់កម្មវិធី PayWay យើងមានសោមនស្សដែលឃើញថា កិច្ចសហប្រតិបត្តិការនេះ អាចជួយជំរុញនវានុវត្តន៍បន្ថែម របស់សមាជិកធុរកិច្ចថ្មីរបស់យើង។ លើសពីនេះ ភាពជាដៃគូនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការអភិវឌ្ឍគ្រឹះសម្រាប់ការទូទាត់ឌីជីថលសម្រាប់វឌ្ឍនភាពធុរកិច្ចថ្មីផ្នែកឌីជីថលរបស់កម្ពុជា»