(ភ្នំពេញ)៖ លោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) បានចាត់ទុកការជួបម្ចាស់ផ្ទះភ្នំពេញក្រោនស្អែកនេះ ប្រៀបដូចជំនួបវគ្ពផ្ដាច់ព្រ័ត្រដែរ ព្រោះក្រុមខ្លួនទាមទារឈ្នះ ឬយ៉ាងហោចស្មើ ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គ ៦ក្រុមចុងក្រោយ (Top-6) នៅជើងទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២០។

គ្រូបង្វឹកម្រិត A-License រូបនេះ បានបញ្ជាក់ថា បើនិយាយពីឱកាសឈ្នះភ្នំពេញក្រោន ហាក់ពិបាកសម្រាប់ទ័ព ព្រោះធនធានកូនក្រុមខ្លួន ហាក់ចាញ់ប្រៀបអតីតក្រុមជើងឯកលីគ ៦សម័យកាលនេះ។ យ៉ាងណាមិញ លោកកំពុងរៀបចំយុទ្ធសាស្ដ្រ ធ្វើយ៉ាងម៉េចស្វែងរកលទ្ធផលស្មើឲ្យបានដាច់ខាត ព្រោះវាពាក់ព័ន្ធនឹងការកំណត់ជោគវាសនាប្រជែងកៅអី Top-6 របស់ខ្លួន។

អតីតគ្រូបង្វឹកក្រុមគិរីវង់រូបនេះបន្ដថា «ប៉ះភ្នំពេញក្រោន ភាគរយនៃការឈ្នះ វាតិចណាស់ តែអ្វីដែលរៀបចំ គឺធ្វើម៉េចយកស្មើ ព្រោះវាល្អសម្រាប់យើង។ តែបើឈ្នះ វារឹតតែជាការល្អ តែបើថ្លឹងថ្លែងកម្រិតនៃការលេងវាក្រោមគេហើយ ដោយសារធនធានរបស់យើងនៅក្រោមគេ។ ដូច្នេះដាច់ខាតយើងត្រូវការស្មើ ឬឈ្នះ ព្រោះបើស្មើយើងនឹងមានសង្ឃឹមច្រើន ក្នុងការឡើង Top-6 ពេលយើងប្រកួតចុងក្រោយជាមួយអគ្គិសនីកម្ពុជា»

ជុំវិញការគូសបញ្ជាក់បែបនេះ ស្របពេលក្រុមទ័ព កំពុងឈរលេខរៀងទី៦ បណ្ដោះអាសន្ន តែមានប្រៀបក្រុមឈរលេខ៧ គឺក្រុមអង្គរថាយហ្គឺរត្រឹម ២ពិន្ទុប៉ុណ្ណោះ ហើយក្រុមទាំងពីរសល់ ២ប្រកួតក្នុងដៃដូចគ្នា។ ក្នុងករណីនេះ បើសិនទ័ព ស្មើភ្នំពេញក្រោន ពួកគនឹងមានសង្ឃឹមខ្ពស់បានឡើងជុំបន្ទាប់ ដ្បិតប្រកួតចុងក្រោយជាមួយអគ្គិសនីកម្ពុជា ទ័ពមានការជឿជាក់ខ្ពស់ក្នុងការដណ្ដើម ៣ពិន្ទុបន្ថែម។ លោក ទេព ឡុងរចនា បន្ថែម។

សូមបញ្ជាក់ថា ជំនួបរវាងទ័ព និងភ្នំពេញក្រោន នឹងធ្វើឡើងនៅម៉ោង ៦ល្ងាច ថ្ងៃទី១៥ ខែសីហាស្អែកនេះក្នុងកីឡដ្ឋាន RSN។ ហើយនៅថ្ងៃជាមួយគ្នា ក៏មានគូជក់ចិត្ត ១គូទៀតដែលអ្នកគាំទ្រកំពុងទន្ទឹងរង់ចាំអ៊ុតលទ្ធផល គឺក្រុមអង្គរថាយហ្គឺរ ប៉ះក្រុមភ្ញៀវណាហ្គាវើលដ៏ នៅកីឡដ្ឋាន SRU ព្រោះជាការប្រកួតដ៏សំខាន់ ដែលអាចកំណត់ពីជោគវាសនារបស់ក្រុមមួយចំនួនក្នុងការឡើង Top-6 នៃលីគកំពូលកម្ពុជា ឆ្នាំ២០២០ ទៀតផង៕