(ភ្នំពេញ)៖ បន្ទាប់ពីរកឃើញបេក្ខភាពឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការបែងចែកគូប្រកួតរួចហើយ ស្របពេលការប្រកួតជើងទី១ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០។

ចំពោះកម្មវិធីពានរង្វាន់ U16 រួមមានក្រុមនគររាជអែហ្វស៊ី ត្រូវជួបក្រុមសាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ ក្នុងជើងទី១ នៅទីលានសាលាបាល់ទាត់ជាតិបាទី និង ១គូទៀត គឺក្រុម U15 វិសាខា ត្រូវជួបក្រុមសាលាតម្រង់ទិសខេត្តឧត្ដរមានជ័យ ក្នុងជើងទី១ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

ដោយឡែកពានរង្វាន់ U18 វិញ ក្រុមយុវជនភ្នំពេញក្រោន បើកទ្វារកីឡដ្ឋាន RSN ទទួលក្រុមសាលាតម្រង់ទិសខេត្តក្រចេះ ស្របពេលក្រុមយុវជនវិសាខា ត្រូវជួបក្រុមសាលាតម្រង់ទិសខេត្តស្ទឹងត្រែង ក្នុងជើងទី១ ដូចគ្នានៅទីលានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

គួរដឹងថា ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់យុវជនទាំង២ កម្រិតខាងលើ នឹងធ្វើឡើង ២ជើងដើម្បីកាត់សេចក្ដីរកបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ។ ចំពោះការប្រកួតជើងទី២ ដែលត្រូវផ្លាស់ប្ដូរទឹកដីគ្នា គ្រោងនឹងធ្វើឡើងនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ខាងមុខ៕