(ភ្នំពេញ)៖ ដោយមើលឃើញថាមជ្ឈមណ្ឌលបម្រើសេវាកម្មថែទាំរថយន្តដែលមានស្ដង់ដារនៅកម្ពុជានៅមានតិចតួចនៅឡើយ មជ្ឈមណ្ឌលថែទាំរថយន្ត NTK ដែលមាន ទីតាំងនៅតាមបណ្ដោយផ្លូវទេពផន បានចាប់ផ្ដើមបើកដំណើរការជាផ្លូវការហើយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីបំរើសេវាកម្មជូនអតិថិជន ជាមួយនឹងការ បញ្ចុះតម្លៃ រហូតដល់៥០% ដោយគិតចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។

លោក ស្រ៊ីន ផលិត អ្នកចាត់ការទូទៅមជ្ឈមណ្ឌលថែទាំរថយន្ត NTK បានឱ្យដឹងថា មូលហេតុដែលលោកសម្រេចចិត្តបើកមជ្ឈមណ្ឌលនៅទីតាំងផ្លូវទេពផននេះដោយ មើលឃើញពីសក្ដានុពលនៃតំបន់ជុំវិញ ហើយកំណើនរថយន្តនៅក្នុងតំបន់នេះក៏ឃើញថាមានច្រើន ក៏ប៉ុន្តែមិនទាន់មានមជ្ឈមណ្ឌលថែទាំរថយន្តណាមួយដែលមាន ស្ដង់ដារត្រឹមត្រូវនៅឡើយ។

លោកបន្តថា ធម្មតាអ្នកប្រើប្រាស់រថយន្តគឺចង់ឱ្យរថយន្តរបស់ខ្លួននៅថ្មី និងស្អាត មិនមានបញ្ហានៅពេលប្រើប្រាស់ដូច្នេះពួកគេប្រាកដជាចង់បានកន្លែងណា ដែលអាច ថែទាំរថយន្តរបស់ពួកគេ មើលទៅហាក់នៅថ្មីជាប់ជានិច្ច និងមិនមានបញ្ហាទៅណាមកណា។ ម្យ៉ាងទៀត មជ្ឈមណ្ឌលថែទាំរថយន្ត និងយានដ្ឋានខ្លះក៏មានភាព មិនស្មោះត្រង់ចំពោះអតិថិជនទៅទៀត។

លោកបន្ថែមថា ថ្វីត្បិតតែមជ្ឈមណ្ឌលថែទាំរថយន្តរបស់លោកមើលទៅហាក់ទំនើប ក៏ប៉ុន្តែក៏មានទទួលមើលរថយន្តទាំងចាស់និងថ្មី ដើម្បីឱ្យអ្នកប្រើប្រាស់រថយន្ត មានភាពប្រាកដប្រជា នៅពេលបើកបររថយន្តរបស់ខ្លួនទៅទីជិត ឫទីឆ្ងាយ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ឱ្យដឹងថាក្នុងរយៈពេល១ឆមាស ដើមឆ្នាំ២០២០នេះ កម្ពុជាបាននាំចូលមធ្យោបាយធ្វើដំណើរ ពីបរទេសមានតម្លៃចំនួន ៤១៤,៧២៥គ្រឿង ដែលមានតម្លៃសរុបជិត ៦៣៥លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២០នេះ។

របាយការណ៍ដដែលបង្ហាញថា ការនាំចូលរថយន្តទេសចរណ៍មានតម្លៃ ២៨០.៦៥លានដុល្លារ ស្មើនឹងចំនួន ២៥,៤៨៣គ្រឿង រថយន្តដឹកទំនិញមានតម្លៃ ១៩៤.៤៧ លានដុល្លារ ស្មើនឹង ១៣,៨១២គ្រឿង រថយន្តដឹកអ្នកដំណើរ មានតម្លៃ ២០.៦៨លានដុល្លារ ក្នុងបរិមាណ ១,២១២គ្រឿង និងរថយន្តផ្សេងទៀតមានតម្លៃ ៣៥.៨៤លានដុល្លារ ស្មើនឹង ១,២៣១គ្រឿង៕