(Belgrade)៖ សត្វក្រពាមួយក្បាលឈ្មោះ Muja ដែលបានរស់នៅ ឆ្លងកាត់សម័យកាលសង្រ្គាមជាច្រើនលើក និងក្នុងប្រទេសជាច្រើន ហើយចុងក្រោយ មិនដែល ចាកចេញពីអាងតូចមួយនៅក្នុងសួនសត្វនៃទីក្រុង Belgrade ប្រទេសស៊ែរប៊ី អស់រយៈពេល៨៣ឆ្នាំ បានក្លាយជាសត្វក្រពាចំណាស់ជាងគេបំផុតលើពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០។

អ្នកថែរក្សាសួនសត្វ មិនបានដឹងពីថ្ងៃញាស់របស់វាទេ តែសត្វល្មូននេះបានមកដល់សួនសត្វ Belgrade នៅខែសីហា ឆ្នាំ១៩៣៧ ពីសួនសត្វនៅប្រទេសអាល្លឺម៉ង់។ បើយោងតាមរបាយការណ៍ឆ្នាំ១៩៣៧ សត្វក្រពា Muja មានអាយុ២ឆ្នាំ ពេលមកដល់សួនសត្វ Belgrade ខណៈសួនសត្វនេះទើបតែបើកបានមួយឆ្នាំ។ Muja មិនសូវ ឡើងមកក្រៅ រណ្ដៅរាក់ទេ ជាហេតុដែលវាបានរស់រានមានជីវិត និងរួចផុតពីការបំផ្ទុះគ្រាប់បែកក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ ដែលបានសម្លាប់សត្វជាច្រើន នៅក្នុងសួនសត្វ រួមជាមួយអ្នកថែរក្សាសួនសត្វ ០៦នាក់ទៀត។

សត្វក្រពានេះ បានទៅដល់ទីក្រុង Belgrade ដែលពេលនោះនៅជារដ្ឋធានី នៃអតីតសហភាព Yugosalvia និងបានរស់នៅឆ្លងកាត់សម័យសង្គមនិយមរបស់ប្រទេស និងការបាក់បែកបង្ហូរឈាមរបស់ Yogoslavia រហូតដល់យុទ្ធនាការទម្លាក់គ្រាប់បែកមួយផ្សេងទៀត ដែលធ្វើឡើងដោយ NATO នៅឆ្នាំ១៩៩៩។

Muja នៅតែមានសុខភាពល្អ ហើយពេលវេលាដែលពេទ្យសត្វព្រួយបារម្ភបំផុតគឺនៅឆ្នាំ២០១២ ជាពេលដែលសត្វក្រពានេះ មានស្នាមរបួសនៅផ្នែកខាងស្ដាំ និងត្រូវកាត់ចេញដោយសាររបួសនោះ បានរលួយ។ ការវះកាត់នោះ ពិតជាពិបាក ប៉ុន្តែទទួលបានជោគជ័យ ដែលធ្វើឲ្យ Muja បានជាសះស្បើយ និងផ្លាស់ប្ដូរការរស់នៅថ្មីផងដែរ។

លោក Jozef Edvedj ជាពេទ្យសត្វនៅក្នុងសួនសត្វនោះបានបញ្ជាក់ថា ក្នុងនាមជាថែរក្សា Muja ដែលបានផ្ដល់ឲ្យវានូវការរំលាយអាហារយឺត និងជួយរារាំងដល់ ការខ្សោះជីវជាតិនៃកោសិការ ដូច្នេះហើយ ទើបធ្វើឲ្យជីវិតវារស់បានយូរ។ លោក Edvedj បានសម្ដែងក្ដីសង្ឃឹមយ៉ាងដូចច្នេះថា៖ «ខ្ញុំសង្ឃឹមថាពួកយើងនឹង អាចប្រារព្ធពិធីខួបកំណើតគំរប់ ១០០ឆ្នាំរបស់វា ព្រោះខ្ញុំជឿជាក់ថា វាអាចនឹងរស់នៅបានយ៉ាងស្រួលក្នុងរយៈពេល ១៥-២០ឆ្នាំទៅមុខទៀត»៕