(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) មានកិត្តិយសប្រកាសអំពីការបង្កើត មជ្ឈមណ្ឌលបច្ចេកវិទ្យាដែលនឹងចាប់ផ្តើមប្រតិបត្តិការនៅខែមករាឆ្នាំ ២០២១ ។

ដោយយកគំរូតាមប្រព័ន្ធបច្ចេកវិទ្យាដ៏ជោគជ័យរបស់ប្រទេសអ៊ីស្រាអែល មជ្ឈមណ្ឌលបច្ចេកវិទ្យានៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ហៅកាត់ថា ATC នឹងចូលរួមលើកកម្ពស់ និងជំរុញសហគ្រិនដែលចាប់ផ្តើមធុរកិច្ចថ្មីថ្មោងក្នុងវិស័យបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត ។ ATC នឹងជួយសហគ្រិនវ័យក្មេងច្នៃគំនិតចេញទៅជាផលិតផលពាណិជ្ជកម្ម និងបង្កើនជំនួញប្រកបដោយផលិតភាពនៅក្នុងប្រទេសកម្ពុជា និងឆាកអន្តរជាតិ ។

ATC មានទស្សនៈវិស័យដើរតួរជាអ្នកត្រួសត្រាយផ្លូវដល់ធុរកិច្ចដែលទើបចាប់ផ្តើមថ្មី (start-ups) ក្នុងការបង្កើតភាពជាដៃគូសហប្រតិបត្តិការ និងយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនសាជីវកម្ម និងក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ។

ការងារអាទិភាពរបស់ ATC គឺការអភិវឌ្ឍគម្រោងបច្ចេកវិទ្យាឌីជីថល និងគំនិតផ្តួចផ្តើមដែលរួមចំណែកដល់ការផ្លាស់ប្តូរឌីជីថលប្រកបដោយបរិយាប័ន្ននៅក្នុងប្រទេសកម្ពុជា និងរៀបចំកម្លាំងពលកម្មរបស់ប្រទេសសម្រាប់សេដ្ឋកិច្ចឌីជីថល ។

ATC គឺជាផ្នែកមួយនៃមជ្ឈមណ្ឌលភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍវិជ្ជាជីវៈ (CLPD) ដែលមានទីតាំងក្នុងបរិវេណសាកលវិទ្យាល័យ
អាមេរិកាំងភ្នំពេញ ។

ដោយផ្តល់តម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ATC ទើបតែបានចុះហត្ថលេខាជាមួយក្រុមហ៊ុន Huawei (កម្ពុជា) កាលពីថ្ងៃទី១២ សីហា ២០២០ កន្លងទៅនេះ ។

ATC កំពុងសិក្សាពីភាពជាដៃគូជាមួយស្ថាប័នជាតិ និងអន្តរជាតិដទៃទៀតមកពីបណ្តាប្រទេសអាស៊ាន សហរដ្ឋអាមេរិក ចិន និងអ៊ីស្រាអែលដែលនឹងត្រូវចុះហត្ថលេខានាពេលខាងមុខនេះ។