(ភ្នំពេញ)៖ បន្ទាប់ពីថតសម្តែង នៅក្រុងបាត់ដំបងអស់រយៈ៣សប្តាហ៍ ឃើញមានបែកធ្លាយរូបសម្តែងរបស់អ្នកនាង ស្រីអូន តួឯកស្រីរឿង «កម្ម» បានលេបសត្វដង្កូវទាំងរស់ យ៉ាងស្តែងពិតៗសឹងមិនគួរឱ្យជឿ។

បើតាមចំណាប់អារម្មណ៍ផ្ទាល់របស់អ្នកនាង ស្រីអូន បានឲ្យដឹងថា «ទោះបីនេះជាលើកទី១ សម្រាប់នាងខ្ញុំក្នុងការសម្តែងឈុតដ៏ព្រឺព្រួចបែបនេះក៏នាងខ្ញុំក៏ហ៊ានធ្វើដែរ។ នាងខ្ញុំជឿថា បើចង់បានស្នាដៃល្អទាល់តែមានការលះបង់ខ្លះ។ ដូច្នេះសង្ឃឹមថា ទស្សនិកជននឹងអាចពេញចិត្តការសម្តែងរបស់នាងខ្ញុំផ្ទាល់ក៏ដូចជាតារាសម្តែងផ្សេងៗទៀត»

សូមបញ្ជាក់ថា ខ្សែភាពយន្តរន្ធត់ខ្នាតធំនេះ នឹងបញ្ចប់ការថតរបស់ខ្លួន នៅរាជធានីភ្នំពេញ នាពាក់កណ្តាលខែសីហាខាងមុខនេះ។ ទោះបីមានការយឺតយ៉ាវក្នុងការថតខ្លះ ក្រុមហ៊ុន «ដេនស៊ីងរ៉េន» ដែលចែកចាយរឿង «កម្ម» បញ្ជាក់ថា នៅអាចចាក់បញ្ចាំងនៅដើមឆ្នាំ២០២១ ដូចគ្រោងទុកបន្ទាប់ពីដំណើរការកាត់ត និងបច្ចេកទេស CGI ចប់សព្វគ្រប់។

អ្វីៗចាប់ផ្តើមឡើងនៅភូមិគ្រឹះ១ នៅខេត្តបាត់ដំបង ក្នុងឆ្នាំ១៩៦០។ ស្នេហាដ៏ស្អិតរមួត រវាង វិសុទ្ធ និងលំអង ឈានដល់គម្រប់១ឆ្នាំ ដែលជាថ្ងៃដ៏មានក្តីសុខរបស់លំអង។ នាងលាន់មាត់ជាចុងក្រោយថា៖ «ឱ្យថ្ងៃណា ក៏ដូចថ្ងៃនោះរហូត»។ ប៉ុន្តែក្រោយពីវត្តមានមាលា ដែលជាប្អូនបង្កើតម្តាយទីទៃចូលមកក្នុងថ្ងៃនោះ លំអង មានអាការៈប្លែក រហូតត្រូវស្លាប់ដោយអាថ៌កំបាំង។

បើលោកអ្នកចង់ដឹងថា ដំណើរការថតនៅបាត់ដំបងប្រព្រឹត្តទៅយ៉ាងណានោះ លោកអ្នកអាចទស្សនា រូបភាពក្រៅឆាកមួយចំនួនទៀត។ គ្រាន់តែឃើញក៏យើងដឹងថាក្រុមការងារ និងតួសម្តែងសុទ្ធតែប្រឹងប្រែងអស់ពីលទ្ធភាពតាមបែបស្តង់ដារ ដើម្បីឲ្យការសម្តែងមួយនេះកាន់តែល្អឥតខ្ចោះ៕