(អាមេរិក)៖ មួយរយៈក្រោយនេះ សហរដ្ឋអាមេរិក ជាពិសេស លោកដូណាល់ ត្រាំ បានវាយប្រហារក្រុមហ៊ុនបច្ចេកវិទ្យាធំៗបំផុតរបស់ប្រទេសចិន ដូចជា ក្រុមហ៊ុន Huawei និងក្រុមហ៊ុន ByteDance ដែលមានកម្មវិធី TikTok ហើយចុងក្រោយនេះគឺក្រុមហ៊ុន Tencent ដែលមានកម្មវិធី WeChat ។

យោងតាមការចេញផ្សាយរបស់ CNN នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នេះ បានដោយដឹងថា ក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនលក់រាយ និងលក់ទំនិញតាមអនឡាញធំជាងគេបំផុតនៅលើពិភពលោក អាចនឹងក្លាយជាក្រុមហ៊ុនបន្ទាប់ក្នុងគោលដៅវាយប្រហាររបស់អាមេរិក។

លោកត្រាំបានចេញបញ្ជាហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei និងបានទុកពេល ៤៥ថ្ងៃ ឲ្យក្រុមហ៊ុន ByteDance ក្នុងការលក់កម្មវិធី TikTok អោយក្រុមហ៊ុនអាមេរិក ហើយចុងក្រោយនេះគឺគំរាមក្រុមហ៊ុនអាមេរិកធំឲ្យបញ្ឈប់ការទំនាក់ទំនងជាមួយក្រុមហ៊ុន Tencent ក្នុងការប្រើប្រាស់កម្មវិធី WeChat និងអ្វីដែលគេយល់ឃើញថា ជនរងគ្រោះបន្ទាប់គឺ Alibaba។

លោក Alex Capri មកពីស្ថាប័នស្រាវជ្រាវមូលនិធិ Hinrich Foundation និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យជាតិសឹង្ហបុរី បានឲ្យដឹងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងធ្វើការចោទប្រកាន់បន្ថែមទៀតប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបដ់ចិន ដែលជាការបង្ហាញថា រដ្ឋបាលពិតជាកំពុងសំឡឹងរកការធ្វើឱ្យឧស្សាហកម្មបច្ចេកវិទ្យារបស់ចិន រងស្ទះក្នុងការពង្រីកអាជីវកម្ម។

បើនិយាយពីអាជីវកម្មរបស់ក្រុមហ៊ុន Alibaba នៅលោកខាងលិច ហាក់បីដូចជាមិនសូវលេចធ្លោនោះទេ ប៉ុន្តែ Alibaba គឺជាក្រុមហ៊ុនយក្សរបស់ចិន ជាពិសេសក្រុមហ៊ុននាវាទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន។

ត្បិតតែក្រុមហ៊ុននេះ មិនទាន់ជាប់ជាក្រុមហ៊ុនចិនដែលត្រូវរងសម្ពាធពីអាមេរិក ក៏ប៉ុន្តែ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានត្រួតពិនិត្យឈ្មោះក្រុមហ៊ុន Alibaba កាលពីសប្តាហ៍មុន នៅពេលដែលលោកបានជំរុញឱ្យក្រុមហ៊ុនអាមេរិកដកបច្ចេកវិទ្យា ដែលគ្រប់គ្រងដោយជនជាតិចិន ដោយមិនទុកចិត្តពីបណ្តាញឌីជីថលរបស់ពួកគេ៕