(កូរ៉េ)៖ តារាចម្រៀងស្រីអតីតសមាជិកក្រុម AOA ថ្មីៗនេះបានបដិសេដមិនឲ្យប៉ូលិសបើកការស៊ើបអង្កេត ជុំវិញបញ្ហានាងធ្លាប់រងការគំរាមគំហែងពីមិត្តរួមក្រុម រហូតធ្វើឲ្យមានជំងឺផ្លូវចិត្ត និងបានប៉ុនប៉ងសម្លាប់ខ្លួន តែមិនបានសម្រេច។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន allkpop នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។

បើតាមមន្ត្រីបូលិសនៅតំបន់ Gangnam បានឲ្យដឹងថា ពួកគេបានបើកការស៊ើបអង្កេតផ្ទៃក្នុងមួយ ទៅលើករណីតារាស្រី Mina រងការគំរាមគំហែងពីមិត្តរួមក្នុង AOA។ ការបើកប្រតិបត្តិការស្រាវជ្រាវនេះ បានចាប់ផ្តើមនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីប៉ូលិសបានទទួលពាក្យបណ្តឹង អ្នកគាំទ្ររបស់ Mina។

តាមតបពាក្យបណ្តឹងនេះ ប៉ូលិសបានកោះហៅអ្នកដែលពាក្យព័ន្ធដូចជាសាមីខ្លួន គឺកញ្ញា Mina ផ្ទាល់ និងភ្នាក់ងាររបស់នាង ដើម្បីផ្តល់ចម្លើយមួយចំនួនដល់ប៉ូលិស ប៉ុន្តែត្រូវបានតារាស្រីរូបនេះ និងភ្នាក់ងាររបស់នាង គឺលោក Woori បដិសេធ។ ដោយអ្នកទាំងពីរអះអាងថា មិនផ្តល់ចម្លើយ ព្រោះមិនចង់មានរឿងអ្វីធំដុំជាងនេះ។

គួរជម្រាបថា តារា K-POP ​កញ្ញា Mina ដែលជាអតីតសមាជិកក្រុមចម្រៀងនារី AOA មានបញ្ហាផ្លូវចិត្ត បន្ទាប់ពីមានជម្លោះមួយចំនួនជាមួយមិត្តរួមក្រុម មូលហេតុនេះបានធ្វើឲ្យនាងចាកចេញ ពីក្រុមកាលពីឆ្នាំ២០១៩។ សប្តាហ៍មុនតារាស្រីរូបនេះបានធ្វើអត្តឃាត ដែលមិនបានសម្រេច និងត្រូវបានក្រុមគ្រួសារបញ្ចូនទៅកាន់មន្ទីរពេទ្យ ខណៈបច្ចុប្បន្នកំពុងទទួលការមើលថែពីម្តាយរបស់នាងផ្ទាល់។ ទន្ទឹមនឹងគ្នានេះនាងបានសម្រេចលុបចោលគណនី Instagram ដើម្បីយកពេលវេលាព្យាបាលជំងឺផ្លូវចិត្ត៕