(អាមេរិក)៖ ជាកាដូសម្រាប់ខ្លួនឯង និងសម្រាប់អ្នកប្រើប្រាស់នៅក្នុងថ្ងៃខួបកំណើត ៧ឆ្នាំ កម្មវិធី Telegram បានដាក់ចេញនូវមុខងារ Video Call ដែល មុខងារមួយសំខាន់ និងចាំបាច់សម្រាប់អ្នកប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយនៅលើគេហទំព័រផ្ទាល់ខ្លួនរបស់កម្មវិធី Telegram នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។

ក្រុមហ៊ុន Telegram បានបង្ហើបឱ្យដឹងថា មុខងារនេះ ត្រូវបានគ្រោងបង្កើត និងដាក់ឱ្យប្រើនៅដើមឆ្នាំនេះ ប៉ុន្តែដោយសារតែមានបញ្ហាមួយ ចំនួន ទើប អូសបន្លាយពេលរហូតដល់ថ្ងៃខួបកំណើត ៧ឆ្នាំតែម្ដង ហើយការដាក់ចេញមុខងារថ្មីនេះ ក៏ដើម្បីបន្ថែមភាពស្និទ្ធស្នាលរបស់អ្នកប្រើប្រាស់ក្នុងការ ខល មើលមុខគ្នា ចំពេញកើតមានជំងឺរាតត្បាតកូវដី-១៩ ។

សម្រាប់អ្នកប្រើប្រាស់ដែលចង់បានមុខងារនេះ ត្រូវ Update ទៅប្រើ Version ចុងក្រោយរបស់ Telegram ដោយមានទាំងនៅលើ iOS និង Android ហើយសម្រាប់មុខងារ Video Call មួយនេះផងដែរ គឺវាដូចគ្នាទៅនឹងកម្មវិធីផ្សេងៗ មានន័យថា អ្នកប្រើប្រាស់អាចបិទ ឬបើកវីដេអូ បានតាមចិត្ត ជាពិសេសពេលកំពុងខលជាវីដេអូ អាចផ្ញើរូបភាពឱ្យគ្នាទៅវិញទៅមកបាន។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៣ កម្មវិធី Telegram ចាប់ផ្ដើមកំណើតឡើង ដោយមានអ្នកប្រើប្រាស់តិចតួចបំផុត ប៉ុន្តែប្រហែលជា ២ ឬ៣ឆ្នាំ ក្រោយបានកើនអ្នកប្រើប្រាស់ខ្លួន ហើយជាពិសេសមកដល់ពេលនេះគឺមានអ្នកប្រើប្រាស់រហូតដល់ជាង ៤០០លាននាក់ និងស្ថិតនៅក្នុងចំណោមកម្មវិធីកំពូលទាំង១០ ដែលមានអ្នកទាញយកច្រើនជាងគេ ទាំងនៅលើ App Store និង Play Store៕