(ភ្នំពេញ)៖ ខ្សែប្រយុទ្ធវ័យក្មេង ប្រាក់ មុន្នីវីរៈ ត្រូវបានគ្រូបង្វឹកលោក Conor Nestor កោតសរសើរ ចំពោះការខិតខំប្រឹងប្រែង រហូតបានលេងក្រុមធំ និងជួយក្លិបព្រះខ័នរាជស្វាយរៀង យកឈ្នះក្រុមសូលទីឡូអង្គរ ១-០ ក្នុងជើងទី១ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៤ (ថ្នាក់ជាតិ) វគ្គ ១៦ក្រុមចុងក្រោយកាលពីថ្មីៗ។
បន្ទាប់ពីទទួលបានឱកាសដំឡើងមកលេងក្រុមធំព្រះខ័នរាជស្វាយរៀង កីឡាករដែលត្រូវបានអ្នកគាំមួយចំនួន ភាន់ច្រឡំជាប់សាច់ឈាមជាមួយរាមច្បង ប្រាក់ មុន្នីឧត្តម រូបនេះ ត្រូវបានគ្រូបង្វឹកដាក់ឲ្យលេងភ្លាម ក្នុងជំនួបដ៏តានតឹងខាងលើ ហើយ វីរៈ ក៏រកបាន ១គ្រាប់នៅចុងម៉ោង សម្រាប់ក្រុមខ្លួនធ្វើជាដើមទុន ប្រជែងកៅអីវគ្គបន្ដ នៅជើងទី២ ផងដែរ។
ជុំវិញការបង្ហាញខ្លួនលើកដំបូងនេះ លោក Conor Nestor បាននិយាយថា «គាត់មានសមត្ថភាព ហេតុនេះហើយ ទើបគាត់មានឱកាសបានលេងលើទីលានជាមួយក្រុមធំ ហើយខ្ញុំពិតជាសប្បាយរីករាយ ចំពោះវីរៈ ព្រោះគាត់បានព្យាយាមហ្វឹកហាត់ខ្លាំងមែនទែន។ ជាមួយថ្នាលយុវជនរបស់យើង គាត់ធ្វើបានល្អ និងប្រឹងប្រែងខ្លាំងជាមួយលោកគ្រូ សំ វ៉ានដេត»។
ទន្ទឹមជាមួយគ្នា ប្រាក់ មុន្នីវីរៈ ក៏បានបង្ហាញនូវការសប្បាយចិត្ត ចំពោះឱកាសបានលេងក្រុមធំ និងរកបានគ្រាប់បាល់នេះដែរ។ ខ្សែប្រយុទ្ធឡើងមកពីក្រុមយុវជន U18 ព្រះខ័នរាជស្វាយរៀងរូបនេះ បន្ដថា «ខ្ញុំពិតជារំភើប ព្រោះអ្វីដែលខ្ញុំគិតចង់ចាប់ផ្ដើម គឺការចង់រកគ្រាប់បាល់ជូនក្រុមធំ និងអភិវឌ្ឍន៍ខ្លួនមកលេង ដើម្បីក្រុមធំ វាធ្វើឲ្យខ្ញុំកាន់តែសប្បាយចិត្ត និងរំភើបមែនទែន» ។
គួរបញ្ជាក់ថា ក្រោយយកឈ្នះសូលទីឡូអង្គរ ១-០ ក្នុងដី ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើដំណើរទៅតតាំងជាមួយក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ក្នុងជើងទី២ ដើម្បីកាត់សេចក្ដីរកក្រុមឡើងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ-ថ្នាក់ជាតិ ឆ្នាំ២០២០៕