(ភ្នំពេញ)៖ ដូចទស្សនិកជនបានជ្រាបស្រាប់ហើយ ពីមួយឆ្នាំទៅមួយឆ្នាំ កម្ពុជាតែងតែបញ្ចូនបេក្ខនារីរបស់ខ្លួនទៅចូលរួមបង្ហាញសមត្ថភាព ក្នុងកម្មវិធីប្រឡងបវរកញ្ញាលំដាប់ពិភពលោផ្សេង ដូចជាកម្មវិធី «Miss Grand International» ជាដើម។ យ៉ាងណាមិញ ក្នុងឆ្នាំ២០២០នេះ កម្ពុជាចម្រាញ់បេក្ខនារីចំនួន៣០នាក់ហើយ ដើម្បីយកទៅប្រកួតបន្តនៅវគ្គផ្តាច់ព្រ័ត្រ។

ជាក់ស្តែង នារាត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ វគ្គប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃកម្មវិធី «Miss Grand Cambodia 2020» ត្រូវបានរៀបចំឡើងពីសំណាក់ផលិកម្មមហាហង្ស ដែលមានលោក អ៉ិន សុភិន ជាអ្នកគ្រប់គ្រងដោយផ្ទាល់។ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ មានបេក្ខនារីចំនួន៥០នាក់ ចូលរួមប្រកួតប្រជែងបង្ហាញសមត្ថភាពដើរម៉ូតរបស់ខ្លួនរៀងៗខ្លួន នៅចំពោះមុខគណៈកម្មការវាយតម្លៃ និងទស្សនិកជនដែលចូលរួមទស្សនា។ ក្រោយបញ្ចប់កម្មវិធី ជាលទ្ធផលគឺបានរកឃើញបេក្ខនារីចំនួន៣០នាក់ ដើម្បីបន្តទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ។

លោក អ៉ិន សុភិន ដែលជាអ្នករៀបចំកម្មវិធី «Miss Grand Cambodia 2020» បានថ្លែងប្រាប់ Fresh News Plus ថា បន្ទាប់ពីបេក្ខនារីទាំង៥០នាក់ បញ្ចេញសមត្ថភាព ជាចុងក្រោយ គឺជម្រើសបានបេក្ខនារីចំនួន៣០នាក់ ពោល២៥នាក់ជាប់ពេញសិទ្ធ និង៥នាក់ផ្សេងទៀតជាប់បម្រុង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។

លោក អ៉ិន សុភិន បន្តថា បេក្ខនារីដែលជាប់ក្នុងវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រទាំង៣០នាក់ គឺមិនតម្រូវឲ្យស្នាក់នៅ និងហ្វឹកហាក់រួមគ្នានោះទេ ពោលគឺនៅដាក់ដោយឡែក ដើម្បីជៀសវាងហានិភ័យកូវីដ១៩ ត្បិតវានៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភ។ បន្ថែមពីនេះ បេក្ខនារីដែលបានទៅកាន់វគ្គផ្តាច់ព្រ័ត្រនាពេលខាងមុខ គឺសុទ្ធតែមានសមត្ថភាពទាំងភាសាអង់គ្លេស, ចំណេះដឹងទូទៅ, សមត្ថភាពលើវេទិកា, ភាពក្លាហាន និងរូបសម្រស់។

គួរជម្រាបថា នៅវគ្គផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងឆាប់ៗខាងមុខ បេក្ខនារីលេខ១ នឹងតំណាងកម្ពុជា ទៅចូលរួម ប្រកួតក្នុងកម្មវិធី «Miss Grand International 2020» នៅប្រទេសវេណេហ្សូអេឡា ក្នុងខែតុលា ឆ្នាំ២០២០ខាងមុខ។ លោករំពឹងថា ការបញ្ចូនបេក្ខនារីកម្ពុជាទៅចូលរួមប្រកួតជាមួយបេក្ខនារីផ្សេងទៀតនៅជុំវិញពិភពលោក នឹងជួយឲ្យបេក្ខនារី ក៏ដូចជាបណ្តាប្រទេសផ្សេង ស្គាល់ពីកម្ពុជាកាន់តែច្បាស់ តាមរយៈបេក្ខនារីដែលបញ្ចូនទៅ ដូចជាការផ្សាព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ ទៅកាន់ពិភពលោកជាដើម៕