(អាមេរិក)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០ បានចេញបញ្ជាថ្មី ដោយទុកពេល ៩០ថ្ងៃ ឲ្យក្រុមហ៊ុន ByteDance (មេធំ TikTok) ដកប្រតិបត្តិការរបស់ខ្លួនចេញពីសហរដ្ឋអាមេរិក។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីបន្ថែមសម្ពាធមកលើក្រុមហ៊ុនចិន ByteDance លោក ត្រាំ បានកំណត់ពេល ៩០ថ្ងៃ ដើម្បីឲ្យក្រុមហ៊ុនចិនមួយនេះ ដកខ្លួនចេញពីទឹកដីសហរដ្ឋអាមេរិក ដែលនេះជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់លោក ត្រាំ ក្នុងការប្រឆាំងនឹងក្រុមហ៊ុនចិន ពាក់ព័ន្ធនឹងការព្រួយបារម្ភលើសុវត្ថិភាពសន្តិសុខជាតិ។
លោក ត្រាំ បាននិយាយថា «យើងមានភស្តុតាងដែលអាចជឿទុកចិត្តបាន ដែលនាំឱ្យខ្ញុំជឿថា ក្រុមហ៊ុន ByteDance...អាចចាត់វិធានការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិកបាន»។
ថ្មីៗនេះក្រោយពេលលោក ត្រាំ ប្រកាសទុកពេល ៤៥ថ្ងៃឲ្យ ByteDance ផ្លាស់ប្តូរម្ចាស់ពីក្រុមហ៊ុនចិន មកជាក្រុមហ៊ុនអាមេរិកឯករាជ្យមួយ ក្រុមហ៊ុន ByteDance បានពិភាក្សាជាមួយនឹងក្រុមហ៊ុន Microsoft ក្នុងការលក់អាជីវកម្មមួយចំនួន ប៉ុន្តែនៅមិនទាន់ដឹងពីលទ្ធផលនោះទេ។
គួរបញ្ជាក់ផងដែរថា លោក ត្រាំ បានគំរាមកំហែងដល់ក្រុមហ៊ុនចិនធំៗ ដូចជា Huawei, TikTok និង WeChat ហើយថ្មីៗនេះ សារព័ត៌មាន CNN បានផ្សាយថា ក្រុមហ៊ុន Alibaba អាចក្លាយជាក្រុមហ៊ុនចិនថ្មី ក្នុងគោលដៅវាយប្រហាររបស់ លោក ត្រាំ ផងដែរ៕