(ភ្នំពេញ)៖ ពានរង្វាន់យុវជនដ៏ធំ KMH Cup U18 ឆ្នាំ២០២០ ដែលប្រជុំដោយក្រុមយុវជនក្លិបសមាជិកលីគកំពូលកម្ពុជាចូលរួមប្រកួត បានរកឃើញបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះក្នុងពូលនីមួយៗ ចំនួន ២ជើង អស់រយៈពេលជាច្រើនសប្ដាហ៍កន្លងទៅ។

ចំពោះពូល A ក្រុម U18 បឹងកេត បានឈរលេខ១ ដោយរកបាន ១៦ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៦ប្រកួត ឈ្នះ៥ និងស្មើ១ គ្រាដែលក្រុម U15 វិសាខា ឈរលេខ២ និងមាន ១៣ពិន្ទុ ជាមួយលទ្ធផល ៦ប្រកួត ឈ្នះ៤ ស្មើ ១ និងចាញ់ ១។ រីឯក្រុមធ្លាក់ក្នុងពូល មានអតីតក្រុមជើងឯកឆ្នាំ២០១៨ ព្រះខ័នរាជស្វាយរៀង និងក្រុម HFCA U18 ។

ចំណែកពូល B ក្រុម U18 ISI ដង្កោសែនជ័យ ឈរលេខ១ ក្នុងពូលមាន ១៣ពិន្ទុ ក្រោយឆ្លងកាត់ ៦ប្រកួត ឈ្នះ៤ ស្មើ១ និងចាញ់១ ខណៈក្រុមយុវជននគរបាលជាតិ ឈរលេខ២ និងមាន ១២ពិន្ទុ ជាមួយលទ្ធផល ៦ប្រកួត ឈ្នះ៤ និងចាញ់២។ រីឯក្រុមធ្លាក់ក្នុងពូល គឺយុវជនសហគមន៍ U17 ក្លិបភ្នំពេញក្រោន និងក្រុមយុវជនកងយោធពលខេមរភូមិន្ទ។

សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងធ្វើឡើង ២ជើង ដោយជើងទី១ គ្រោងប្រកួតនាថ្ងៃទី២៦ ខែសីហាខាងមុខ ក្នុងនោះក្រុម U18 បឹងកេត ត្រូវជួបក្រុមយុវជននគរបាលជាតិ និងក្រុម U18 ISI ដង្កោសែនជ័យ ជួបក្រុមយុវជន U15 វិសាខា៕