(កូរ៉េ)៖ បុគ្គលិកផ្នែកអនាម័យនៅកម្មវិធី «I-LAND» ត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកកូវីដ១៩ ដែលបានបង្ខំឲ្យស្ថានីយទូរទស្សន៍ដ៏ធំរបស់កូរ៉េខាងត្បូង Mnet សម្រេចលុបចោលទាំងអស់នូវគ្រប់គម្រោង ដែលសហការផ្សាយជាមួយកម្មវិធី «I-LAND»។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Koreaboo នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។
បើតាមសេចក្តីរាយការណ៍ ដែលចេញផ្សាយនៅថ្ងៃទី១៤ បានឲ្យដឹងថា ក្រុមបុគ្គលិកផ្នែកអនាម័យបានទៅអគារ ដែលថតកម្មវិធី «I-LAND» នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដើម្បីបោសសំអាត ប៉ុន្តែពេលនោះពួកគេបានពាក់ម៉ាសរៀងៗខ្លួន ហើយគ្មាននរណានៅទីនោះទេ ក្រៅពីពួកគេដែលជាអ្នកសំអាត។
យ៉ាងណាមិញ ជាការឆ្លើយតបនឹងករណីរកឃើញ អ្នកផ្ទុកកូវីដ១៩នេះ បានធ្វើឲ្យស្ថានីយទូរទស្សន៍ Mnet សម្រេចលុបចោលទាំងអស់នៃគម្រោងនានា ដែលបានសហការផ្សាយជាមួយកម្មវិធី «I-LAND»។ ការលុបចោលគម្រោងនេះ គឺដើម្បីធានាដល់សុវត្ថិភាពរបស់បុគ្គលិកដទៃទៀត ព្រោះសមាជិកនៃកម្មវិធីនេះចំនួន១២រូប និងបុគ្គលិកដទៃទៀតបានរកឃើញថា វិជ្ជមានចំពោះកូវីដ១៩ ខណៈមនុស្សពាក់ព័ន្ធត្រូវបានដាក់ឲ្យនៅ ដាច់ដោយឡែកពីគ្នា៕