(ភ្នំពេញ)៖ ជាព្រឹត្តិការណ៍មិនធ្លាប់មានឡើយសម្រាប់ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី គឺនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី និងលោក ហ៊ីង បញ្ញារិទ្ធ ជាស្វាមី រួមនឹងតំណាងដេប៉ូ និងតំណាងចែកចាយ ប្រេនចំនួន៣រួមមាន NNP NUNA និង CTM សរុបប្រមាណជាជាង១ពាន់នាក់ បានរៀបចំកម្មវិធីសច្ចាប្រណិធាន តាមបែបសាសនា ដ៏ធំមួយ ក្នុងគោលបំណង ដើម្បីស្បថស្បែ បញ្ជាក់ពីភាពសច្ចៈ និងភាពស្មោះត្រង់ជូនទៅដល់តំណាងដេប៉ូ តំណាងចែកចាយទូទាំង២៥ រាជធានី-ខេត្ត ដែលបានដាក់ដើមទុនជាមួយក្រុមហ៊ុន។
លោក ហ៊ីង បញ្ញារិទ្ធ អគ្គនាយកក្រុមហ៊ុន ដាណាទ្រី បានថ្លែងនៅចំពោះមុខតំណាងដេប៉ូ និងតំណាងចែកចាយជាង១ពាន់នាក់ថា ក្រុមហ៊ុន របស់លោក គឺមិនបានបោកប្រាស់ ឬសម្តែងអ្វីឡើយ ឬនិយាយខុសពីការពិត ឬបោកបញ្ឆោតតំណាងដេប៉ូ និងតំណាងចែកចាយ ប្រេន NNP NUNA និង CTM ឡើយ។ លោកបន្តថា ក្រុមហ៊ុន ដាណាទ្រី គឺរកស៊ីស្របច្បាប់ និងមានការទទួលខុសត្រូវគ្រប់កាលៈទេសៈទាំងអស់។
បន្ថែមពីលើការបញ្ជាក់របស់ស្វាមី, លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ក៏បានចេញមកបញ្ជាក់បន្ថែមថា តាំងពីលោកស្រី ប្រឡូកចូលក្នុងការរកស៊ីទាំងបាតដៃទទេ លោកស្រី មិនដែលបានគេងប្រវ័ញ្ច ឬបោកប្រាស់អ្នកណា ជាពិសេសគឺមិនដែលជាន់ពន្លិចអ្នកដទៃដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ។
ថ្លែងទាំងទឹកភ្នែក នាឱកាសនោះ លោកស្រី ទ្រី ដាណា បានប្រកាសពីជំហររបស់ខ្លួនថា បើអ្វីដែលអ្នកស្រី បានធ្វើកន្លងមក ជាមួយតំណាងដេប៉ូ តំណាងចែកចាយ ជាការសម្តែង ជាការបោកប្រាស់ឬក៏គ្រប់យ៉ាងមិនមែនជាការពិត ឬការរកស៊ីរបស់លោកស្រី គ្មានភាពសច្ចៈ និងមិនស្មោះត្រង់ សូមឲ្យទ្រព្យសម្បត្តិដែលលោកស្រី មានទាំងអស់ រលាយក្នុងមួយប៉ព្រិចភ្នែក, បើជិះរថយន្ត សូមឲ្យក្រឡាស់ បើជិះយន្តហោះ សូមឲ្យធ្លាក់។
ក្រៅពីការស្បថស្បែរបស់ម្ចាសល់ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌីហើយនោះ ម្ចាស់ប្រេនថ្មីៗចំនួន២នាក់បន្ថែមទៀត នោះគឺម្ចាស់ប្រេន NUNA និង CTM ក៏បានចូលរួមបង្ហាញពីភាពស្មោះត្រង់ និងភាពជោគជ័យក្នុងការរកស៊ី និងដាក់ទុនជាមួយក្រុមហ៊ុន ដាណាទ្រីផងដែរ។
ទាំងអ្នកស្រី មាស សុវណ្ណរតនា និងអ្នកស្រី ណើ ចាន់ត្រា បានបញ្ជាក់ព្រមៗគ្នាថា ក្រុមហ៊ុន ដាណាទ្រី ក្រោមការដឹកនាំរបស់ លោក ហ៊ីង បញ្ញារិទ្ធ និង លោកស្រី ទ្រី ដាណា គឺមិនបានបោកប្រាស់ពួកគាត់ឡើយ អ្វីដែលបានបង្ហាញនៅពេលនេះ គឺសុទ្ធតែជាការពិត១០០ភាគរយៈ។
គួរបញ្ជាក់ថា កម្មវិធីសច្ចាប្រណិធាន តាមបែបសាសនា ដ៏ធំមិនធ្លាប់មាននាពេលនេះ បានកើតមានឡើងក្រោយមានមនុស្សមួយចំនួន បានរិះគន់ លើការរីកចម្រើនរបស់ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌីថា ជាការសម្តែង មិនមែនជាការពិតឡើយ ហើយបានបញ្ជាក់ទៀតថា ភាពជោគជ័យរបស់តំណាងដេប៉ូ និងតំណាងចែកចាយ របស់ក្រុមហ៊ុន ដាណាទ្រី គឺធ្វើឡើងដើម្បីសាងភាពល្បីល្បាញ និងបោកប្រាស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ៕