(លីយ៉ុង)៖ អ្នកគាំទ្ររបស់ក្រុមបារាំង Olympique Lyonnais បានបោះបង់ចោលគំលាតសង្គម និងបុគ្គលនៃការបញ្ចៀសជំងឺ Covid-19 ដើម្បីចេញមកធ្វើពិធីជប់លៀង និងអបអរសាទរនៅកណ្តាលទីក្រុងលីយ៉ុង ប្រទេសបារាំងចំពោះជ័យជម្នះដ៏ល្បីល្បាញលើគូប្រជែង Manchester City ក្នុងលទ្ធផល ៣-១ ក្នុងការឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League ជាលើកទី២។

តាមរយៈព័ត៌មានពីគេហទំព័រ Dailymail បានចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២០ នេះថា អ្នកគាំទ្រទាំងឡាយត្រូវបានអនុញ្ញាតឲ្យដុតកាំជ្រួច និងរាំ-ច្រៀងនៅជុំវិញកណ្តាលទីក្រុង Lyon ដើម្បជាការអបអរចំពោះក្រ្មរបស់ពួកគេឡើងវគ្គ ៤ក្រុមចុងក្រោយដែលត្រូវប្រឈមនឹងក្រុម Bayern Munich របស់អាល្លឺម៉ង់ជាបន្តទៀត។

ប្រទេសបារាំងមានការកើនឡើងនូវករណីឆ្លងវីរុស Covid-19 នាពេលថ្មីៗនេះ។ ប្រទេសនៅទ្វីបអឺរ៉ុបនេះបានរាយការណ៍ពី Covid-19 ថ្មីចំនួន ២,៨៤៦ករណីកាលពីថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០ ដែលជាការកើនឡើងខ្ពស់បំផុតចាប់តាំងពីការរឹតត្បិតត្រូវបានបន្ធូរបន្ថយកាលពីខែឧសភាមក។

Lyon ត្រូវបានគេគិតថា ជាក្រុមដែលមានការលំបាកយ៉ាងខ្លាំងក្នុងការឈានទៅប្រកួតក្នុងក្របខណ្ឌអឺរ៉ុប បន្ទាប់ពីបញ្ចប់រដូវកាល Ligue 1 ឆ្នាំ២០១៩-២០២០ ត្រឹមចំណាត់ថ្នាក់ទី៧ ប៉ុណ្ណោះ។

ប្រសិនបើក្លិបអាចបង្កើតការភ្ញាក់ផ្អើលម្តងទៀតទៅលើជ័យជម្នះម្ចាស់ជើងឯកក្របខណ្ឌ Bundesliga នោះទំនងជានឹងមានពិធីជប់លៀងកាន់តែច្រើនជាងនេះទៀត នៅតាមផ្លូវនៃទីក្រុង Lyon នៅសប្តាហ៍ក្រោយមិនខាន៕