(ភ្នំពេញ)៖ កូនស្រីអតីតតារាចម្រៀងពីជំនាន់ដើម អ្នកស្រី ហួត សារ៉ាវឌី គឺអ្នកនាង ជុង សារ៉ាច័ន្ទ ហាក់ត្រូវបានគេមើលឃើញថា ការងារសិល្បៈជាតារាបង្ហាញម៉ូដ និងសម្ដែងពុំសូវកាក់កបទទួលបានជោគជ័យ ស័ក្តិសមទៅនឹងកេរ្តិ៍ឈ្មោះរបស់ម្ដាងនាងឡើយ ខណៈចាប់តាំងពីម្ដាយ និងឪពុកលាចាកលោកទៅ តារារូបនេះពុំសូវខ្វាយខ្វល់នឹងប្រជាប្រិយភាពរបស់ខ្លួននោះទេ។ យ៉ាងណាមិញ កេរ្តិ៍ឈ្មោះរបស់តារាបង្ហាញម៉ូដ ជុង សារ៉ាច័ន្ទ បែរជាមកល្បីសុះសាយ ក្នុងជំនួញរកស៊ីលើជំនាញកែសម្ផស្ស និងបើកលក់ផលិតផល រហូតដល់បង្កើតម៉ាកផលិតផលខ្លួនឯង បន្ទាប់ពីអាជីពសិល្បៈ លែងសូវអើពើ។
តារាបង្ហាញម៉ូដ ក្នុងក្រុម Cambodia Super Model រូបនេះ បានថ្លែងនៅក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆារបស់តារា» ថា ការងារសិល្បៈរបស់នាងនៅរយៈកាលប៉ុន្មានឆ្នាំមកនេះ គឺមិនរីកចំរើនមែន ព្រោះតែនាងមិនសូវខ្វាយខ្វល់ និងយកចិត្តទុកដាក់រក្សាប្រជាប្រិយភាពរបស់ខ្លួន។ តែយ៉ាងណា ក្នុងកម្មវិធីបង្ហាញម៉ូតពេជ្រសឹងតែរាល់ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំទី១រហូតមកទល់នឹងឆ្នាំទី៦នេះ អ្នកនាងត្រូវបានគេអញ្ជើញឲ្យចូលរួមបង្ហាញម៉ូតពេជ្រ ព្រោះតែរូបរាងស័ក្តិសមតែម្តងនឹងការបង្ហាញម៉ូតពេជ្រ។
ទោះជាបែបនេះក្តី អ្នកនាងនៅតែចង់រករបរអ្វីបន្ថែមផ្សេងពីនេះ ដោយបានសម្រេចចិត្តដើរចេញពីគន្លងចាស់របស់ម្ដាយខ្លួន គឺជាអ្នកសិល្បៈ និងងាកមកចាប់អាជីពជាអ្នកកែសម្ផស្ស និងសម្រេចចិត្តចេញទៅសិក្សាជំនាញនេះ នៅប្រទេសវៀតណាម អស់រយៈពេលជាច្រើនឆ្នាំ។
ឆ្លើយតបនឹងការសាកសួររបស់ពិធីករ-ពិធីការិនី ក្នុងកម្មវិធី អ្នកនាង ជុង សារ៉ាច័ន្ទ ថា ជាការពិតក្នុងនាមរូបនាងជាកូនច្បងនៅក្នុងគ្រួសារ ត្រូវទទួលរ៉ាប់រងទាំងអស់ ទៅលើកម្រិតជីវភាពគ្រួសារ បន្ទាប់ពីម្ដាយរបស់ខ្លួន បានលាចាកលោកនេះទៅ។ ការងារក្នុងវិស័យសិល្បៈបង្ហាញម៉ូដ ក៏មិនសូវទទួលបានចំណូលសមរម្យ សម្រាប់ផ្គត់ផ្គង់គ្រួសារ ទើបនាងសម្រេចចិត្តចាប់យកការរកស៊ី ជាមួយនឹងការលក់ផលិតផលកែសម្ផស្ស និងទៅរៀនជំនាញកែសម្ផស្ស នៅប្រទេសវៀតណាម។
ជុង សារ៉ាច័ន្ទ និយាយថា «ចាប់ពីចាប់អាជីពនេះ ពីអ្នករៀនម្នាក់ តែរកចំណូលបានបន្តិចបន្តួច រហូតរៀនចប់សន្សំលុយបើកហាងដោយខ្លួនឯង។ ខ្ញុំមិនហ៊ានជួលបុគ្គលិកទេឈរចាក់តែម្នាក់ឯង រៀបផងចាក់ផង គិតលុយផង ទទួលភ្ញៀវផងលើកទូរសព្ទ័ផង។ ទំរាំមកដល់ថ្ងៃនេះ ខ្ញុំប្តូរកន្លែងពីមួយទៅមួយ ដោយសារគេរុកគួន ជាមួយគ្នាឯងប៉ុន្មាននាក់ហ្នឹង...!។ ពីម្នាក់ឯងរហូត មានបុគ្គលិក មានសិស្ស ជាច្រើនចូលមកជារៀងរាល់ថ្ងៃ។ ពីហាងដែលខ្វះនេះខ្វះនោះ រហូតអាចរីកចំរើនបានដល់ថ្ងៃនេះ..!»។
«ខ្ញុំពិតជាសប្បាយចិត្តនឹងសមិទ្ធផលនេះណាស់ ព្រោះវាមិនមែនជារឿងចៃដន្យ តែវាជាការតាំងចិត្តនិងមានទទួលខុសត្រូវចំពោះភ្ញៀវជាច្រើនកន្លងមក។ អគុណមនុស្សដែលនៅក្បែរខ្លួនខ្ញុំ ដែលតែងតែនៅក្បែរផ្តល់គំនិតកំរៃពេលវេលាភាពកក់ក្តៅលើកទឹកចិត្ត រហូតមក..!»។ ជុង សារ៉ាច័ន្ទ បញ្ជាក់បន្ថែម។
គួរបញ្ជាក់ថា អតីតតារាបង្ហាញម៉ូដ ជុង សារ៉ាច័ន្ទ កំពុងក្ដាប់ជំនួញក្នុងដៃ ដោយបានបើកហាង ខ្លួនឯង ដែលទទួលស្គាល់ត្រឹមត្រូវ តាមប្រកាសរបស់ក្រសួងសុខាភិបាល ចំនួន៣កន្លែងមានឈ្មោះថា «N.22 Beauty Klinik»។ ទីតាំងទី១ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១, សាខាទី២ នៅសង្កាត់ស្ទឹងមានជ័យ និងសាខាទី៣ ស្ថិតនៅខេត្តសៀមរាប។ ជុង សារ៉ាច័ន្ទ ចង់ឲ្យមានកូនខ្មែរ មានចំណេះដឹងលើកការកែសម្ផស្សនេះកាន់តែច្រើន ដោយមិនចាំបាច់ពឹងលើគ្រូពេទ្យបរទេសជាជំនួយ ព្រោះនាងជឿជាក់ថា ខ្មែរអាចធ្វើបាន ព្រោះតែហាងកែសម្ផស្សរបស់នាង ពុំមានគ្រូពេទ្យបរទេសឡើយ៕