(ប៊ែកឡាំង)៖ ក្រុមបាល់ទាត់ Sevilla បានបំផ្លាញក្តីសង្ឃឹមរបស់ក្រុមបិសាចក្រហម Manchester United ក្នុងការបញ្ចប់រដូវកាលនេះ ដោយពុំឈ្នះពានណាមួយឡើយ តាមរយៈជ័យ ២-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានលំដាប់ទី២ អឺរ៉ុប UEFA Europa League រដូវកាលឆ្នាំ២០១៩-២០២០។

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឲ្យដឹងថា ក្រុមរបស់លោក Ole Gunnar Solskjaer បានបរាជ័យក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី៣ របស់ពួកគេនៅរដូវកាលនេះ ទោះបីនាំមុខក្រុមមកពីអេស្ប៉ាញ Sevilla ១គ្រាប់មុនក៏ដោយនៅពេលដែលកីឡាករ Bruno Fernandes បានស៊ុតបាល់ពិន័យ ១១ម៉ែត្របានសម្រេចនៅនាទីទី៩ នៃការប្រកួតដែលត្រូវបានធ្វើឡើងនៅប្រទេសអាល្លឺម៉ង់រហូតផ្តាច់ព្រ័ត្រ។

ក្រុម Sevilla ដែលជាក្រុមជំនាញក្នុងក្របខណ្ឌ Europa League បានធ្វើការតាមស្មើ ១-១ វិញដោយខ្សែប្រយុទ្ធ Suso អតីតកីឡាកររបស់ក្លិប Liverpool ដែលមាន David de Gea ជាអ្នកចាំទីឲ្យបិសាចក្រហម។ Man Utd បានបន្តសម្រុក និងដាក់សម្ពាធនៅដើមតង់ទី២ ខណៈអ្នកចាំទី Yassine Bounou របស់ Sevilla ធ្វើបានយ៉ាងល្អពីការសង្រ្គោះបាល់ស៊ុតដោយខ្សែប្រយុទ្ធ Anthony Martial ជាច្រើនដង មុនពេលកីឡាករ Luuk de Jong រកបានគ្រាប់ជ័យជម្នះឲ្យ Sevilla ដែលគ្រាប់បាល់ទី១ របស់គេផងដែរក្នុងចំណោម ១២ប្រកួតក្នុងរដូវកាលនេះ។

Sevilla ត្រូវរង់ចាំរវាងក្រុមឈ្នះ Inter Milan និង Shakhtar Donetsk នៅរាត្រីនេះ ដើម្បីប្រកួតដណ្តើមពាន UEFA Europa League ដែលនឹងធ្វើឡើងនាចុងសប្តាហ៍នេះផងដែរ នៅប្រទេសអាល្លឺម៉ង់ គ្រាដែលផ្តាច់ព្រ័ត្រ UEFA Champions League នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នៅប្រទេសព័រទុយហ្គាល់៕