(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់នៃពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២០ ប្រចាំសប្តាហ៍ទី១២ ក្រុមការពារតំណែងជើងព្រខ័នរាជស្វាយរៀង បានយកឈ្នះក្រុមភ្ញៀវនគរបាលជាតិ ក្នុងលទ្ធផល ៥-២ ដើម្បីទទួលបាន ៣ពិន្ទុបន្ថែម។

ស្វាយរៀងបាននាំមុខ ២គ្រាប់ និងទាត់បញ្ចូលទីដោយកីឡាករ ប្រាក់ មុនីឧត្តម ពាក់លេខ៧ នៅនាទីទី១៦ និងគ្រាប់ទី២របស់កីឡាករ នុប តុលា ពាក់លេខ៩ នៅនាទី១៩ មុនក្រុមនគរបាលជាតិ វាយបកបាន ១គ្រាប់វិញ និងស៊ុតបញ្ចូលដោយកីឡាករ OKORO MATTHEW OSA ពាក់លេខ៨០ នៅនាទីទី២២។

ដោយឡែកចូលដល់តង់ទី២ មិនទាន់បានក្តៅសាច់ផងកីឡាករ ប្រាក់ មន្នីឧត្តម ក៏បានបន្ថែមគ្រាប់ទី២ របស់ខ្លួនទៀតនៅនាទីទី៥២ បន្ទាប់ពីកីឡាករ នគរបាលជាតិ OKORO MATTHEW OSA ពាក់លេខ៨០ បានបន្ថែមគ្រាប់ទី២ របស់ខ្លួនភ្លាមៗវិញដូចគ្នានៅនាទីទី៥៨ និងកីឡាករ ប្រាក់ មុន្នីភិរុណ ធ្វេសប្រហែសចូលទីខ្លួនឯង ១គ្រាប់នៅនាទី៨១ និង ១គ្រាប់ចុងក្រោយរបស់កីឡាករ ស្វាយរៀង PEDRO AUGUSTO ពាក់លេខ៧០ នាទីទី៩០។

គួរដឹងផងដែរថា ព្រះខ័នរាជស្វាយរៀង កាលពីសប្តាហទី១១ បានយកឈ្នះ ក្រុមណាហ្គា ក្នុងលទ្ធផល ២-០។ ស្វាយរៀង ឆ្លងកាត់១១ប្រកួតកន្លងមកនេះ ឈ្នះ១០ដង និងស្មើ១ដង មិនដែលចាញ់ម្តងឡើយ និងបានឈរនៅកំពូលតារាងបណ្តោះអាសន្នដោយមាន ៣១ពិន្ទុ។

ចំណែកឯក្រុមនគរបាលជាតិវិញ កាលពីសប្តាហ៍ទី១១ ក៏បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ក្នុងលទ្ធផល ២-០ ជាមួយនឹងការឆ្លងកាត់១១ប្រកួតកន្លងមកដូចគ្នា ឈ្នះ២ដង ស្មើ១ដង និងចាញ់៨ដង ឈរនៅចំណាត់ថ្នាក់លេខ១០ និងមាន៧ពិន្ទុ៕