(បាសេឡូណា)៖ លោក Josep Maria Bartomeu ប្រធានក្លិបបាល់ទាត់ FC Barcelona បាននិយាយថា តួនាទីរបស់លោក Quique Setien ជាអ្នកចាត់ការក្នុងក្លិបត្រូវបានបញ្ចប់ទាំងស្រុងហើយ ក្រោយដឹកនាំបានតែជាង ៧ខែប៉ុណ្ណោះ ក្នុងកិច្ចសន្យា ៣ឆ្នាំ។

តាមរយៈព័ត៌មានពីគេហទំព័រកីឡា Live Score បានឲ្យដឹងនៅថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២០ នេះថា ការសម្រេចបញ្ចប់តំណែងលោក Setien មិនត្រូវបានគេចាប់អារម្មណ៍ខ្លាំងក្លានោះទេ ព្រោះបានដឹងរួចមកហើយ ថាដំណឹងនេះនឹងមកដល់ឆាប់ៗ ក្រោយពេល Barca ទទួលរងបរាជ័យដ៏ធ្ងន់ធ្ងរបំផុតក្នុងលទ្ធផលចាញ់ ៨-២ ក្រោមថ្វីជើងរបស់ក្រុម Bayern Munich នៃក្រុមអាល្លឺម៉ង់នៅវគ្គ ៨ក្រុមចុងក្រោយកាលពីថ្ងៃសុក្រនៅទីក្រុង Lisbon ក្នុងព្រឹត្តិការណ៍ UEFA Champions League។

ក្លិបយក្សនៅ LaLiga អ្នកមានបុណ្យ Barca បានរបូត ៨គ្រាប់ក្នុងការប្រកួតជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៤៦ មកម្ល៉េះក្រោមការដឹកនាំរបស់លោក Setien ដែលបានជំនួសតំណែងលោក Ernesto Valverde កាលពីខែមករា ឆ្នាំ២០២០។

Barca បានជួបភាពត្រដាបត្រដួសក្នុងរដូវកាលឆ្នាំ២០១៩-២០ ដែលត្រូវប្រជែងដ៏លំបាកជាមួយ Real Madrid នៅ LaLiga បន្ទាប់ពីយុទ្ធនាការនេះត្រូវបានពន្យារពេលក្នុងខែមីនា ដោយសារការរីករាលដាលនៃជំងឺ Covid-19។ ក្លិបនេះក៏បានចាញ់នៅវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Copa del Rey និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Supercopa de Espana ដោយពុំឈ្នះពានណាមួយទេក្នុងរដូវកាលនេះ៕