(ភ្នំពេញ)៖ ខណៈដែលជំងឺកូវីដ១៩ នៅតែជាការគំរាមគំហែង សម្រាប់បណ្តាប្រទេសនានានៅលើពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជា នៅតែមានករណីឆ្លង នាំចូលពីបរទេសជាបន្តបន្ទាប់ផងនោះ ប្រធាន «សមាគមសិល្បករខ្មែរ» អ្នកនាង ចន ច័ន្ទលក្ខិណា បានអំពាវនាវយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសឲ្យចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងថ្ងៃឈប់សំរាករយៈពេល៥ថ្ងៃនេះ ជាពិសេសការជួបជុំ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរក្សាអនាម័យ, គម្លាត ឲ្យបានត្រឹមត្រូវ។
អ្នកនាង ចន ច័ន្ទលក្ខិណា បានថ្លែងប្រាប់ Fresh News Plus នៅថ្ងៃនេះថា រយៈពេល៥ថ្ងៃដែលរាជរដ្ឋាភិបាលសម្រេចឲ្យឈប់សំរាក ពោលគឺគិតចាប់ពីនៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដើម្បីសងថ្ងៃឈប់សំរាក កាលពីឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២០ ក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរ អ្នកនាងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកសិល្បៈទូទាំងប្រទេស កុំឲ្យមានការភ្លេចខ្លួនឲ្យសោះ ជាមួយនឹងជំងឺកូវីដ១៩ ដែលពិភពលោកទាំងមូលកំពុងមានក្តីព្រួយបារម្ភ។ បើទោះបីជាប្រទេសកម្ពុជាយើង មានភាគច្រើនជាករណីនាំពីបរទេសយ៉ាងណាក៏ដោយ ប៉ុន្តែវានៅតែជាហានិភ័យខ្ពស់ ដូច្នេះអ្វីដែលសំខាន់ គឺត្រូវថែរក្សាអនាម័យឲ្យបានត្រឹមត្រូវ។
អ្នកនាង ចន ច័ន្ទលក្ខិណា បានសង្កតធ្ងន់ថា ក្នុងថ្ងៃឈប់សំរាកប្រាកដជាមានការជួបជុំគ្នាជាមួយបងប្អូន និងក្រុមគ្រួសារហើយ ដូច្នេះវិធីដែលល្អ និងគួរអនុវត្តន៍ក្នុងការការពារពីការឆ្លងជំងឺកូវីដ១៩ ក៏ដូចជា ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនផងនោះ អ្នកនាងសំណូមពរឲ្យរក្សាគម្លាតគ្នា ប្រសិនបើមានការជួបជុំមនុស្សច្រើន។ កាន់តែពិសេស ទោះបីជាទៅដល់ទីណាក៏ដោយ ត្រូវលាងសំអាតដៃជាប្រចាំជាមួយសាប៊ូ ឬទឹកអាកុល និង ជែល ដើម្បីការពារ។
យ៉ាងណាមិញ បញ្ហាចរាចរណ៍នៅតែជារឿង ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវយកចិត្តទុកដាក់ ជាពិសេសក្នុងថ្ងៃឈប់សំរាក ច្បាស់ណាស់គឺប្រជាពលរដ្ឋខ្មែរ ធ្វើដំណើរទៅស្រុកកំណើត ឬទៅកំសាន្តនៅរមណីយដ្ឋាននានា។ ទន្ទឹមគ្នានេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានទទូចសុំឲ្យអ្នកបើកបរគ្រប់រូបគោរពនូវច្បាប់ចរាចរ និងមានការប្រុងប្រយ័ត្នជានិច្ចគ្រប់ពេលបើកបរ ជាពិសេសកុំបើកបរពេលពិសារគ្រឿងស្រវឹង ព្រោះអាចបង្ករគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ។
ជាចុងក្រោយ ប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ឲ្យមានសេចក្តីសុខសប្បាយ និងសុវត្ថិភាពគ្រប់ក្រុមគ្រួសារ ក្នុងឱកាសឈប់សំរាករយៈពេល៥ថ្ងៃនេះ តែយ៉ាងណាសូមកុំភ្លេចខ្លួន ជាមួយជំងឺកូវីដ១៩៕