(បាសេឡូណា)៖ កំពូលតារាឆ្នើមរបស់អាហ្សង់ទីន Lionel Messi ត្រូវបានគេរាយការណ៍ថា បានជូនដំណឹងដល់ក្លិប FC Barcelona រួចហើយពីបំណងចាកចេញនារដូវក្តៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយ 7m Sport នៅថ្ងៃនេះ។

Messi មានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពី Barca ត្រូវបានជ្រុះចេញពី UEFA Champions League យ៉ាងអាម៉ាស់ កាលពីរាត្រីថ្ងៃសុក្រក្រោមថ្វីជើងរបស់ក្រុមខ្លារខិន Bayern Munich របស់អាល្លឺម៉ង់ដោយលទ្ធផល ៨-២ មិននឹកស្មានដល់។

តាមសេចក្តីរាយការណ៍ Messi បានគំរាមថា នឹងលាឈប់ប្រសិនបើមិនមានការរៀបចំរចនាសម្ព័ន្ធដ៏សំខាន់ឡើងវិញទេនោះ ប៉ុន្តែគាត់មិនមានឆន្ទៈក្នុងការរង់ចាំការផ្លាស់ប្តូរនេះទេ ហើយគាត់ចង់ចាកចេញភ្លាមៗផងដែរ។

ប្រភពដែលជិតស្និទ្ធនឹង Messi ត្រូវបានគេដកស្រង់ចេញផ្សាយថា «គាត់មិនដែលបានឃើញ Leo តាំងចិត្តចាកចេញដូចពេលនេះទេ ដូចករណី Neymar បានចាកចេញពី Barca ទៅចូលរួមជាមួយ Paris Saint-Germain ក្នុងឆ្នាំ២០១៧ អីចឹង»

តែបើយោងតាមការចេញផ្សាយរបស់ Sport Catalan បានឲ្យដឹងថា Barcelona បានបដិសេធចំពោះការអះអាងនេះ និងបានលើកឡើងថា «គាត់មានកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២១ ជាមួយតម្លៃទិញផ្តាច់កិច្ចសន្យាដល់ទៅ ៦៣៣លានផោន ដែលស្មើនឹង ៨២៩លានដុល្លារឯណោះ»។

Messi វ័យ ៣៣ឆ្នាំមានភាពស្រងាកចិត្តក្នុងជីវិតនៅឯក្លិបអ្នកមានបុណ្យតាំងពីកុមារភាពរបស់គាត់ បន្ទាប់ពីមានបញ្ហាជាច្រើនក្នុងរយៈពេលចុងក្រោយនេះ ក្រោមកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅរដូវក្តៅក្រោយ ពេលគាត់អាចចាកចេញពីទឹកដី Camp Nou ដោយគ្មានតម្លៃខ្លួន ប៉ុន្តែគាត់ហាក់ដូចជាប្តេជ្ញាថា នឹងចាកចេញនៅរដូវក្តៅនេះណាស់។

Messi រកបាន ៣១គ្រាប់ និងបញ្ជូនបាល់បាន ២៦ដងពីការបង្ហាញខ្លួន ៤៤ប្រកួតគ្រប់កម្មវិធីប្រកួតទាំងអស់នៅរដូវកាលនេះដោយពុំឈ្នះពានរង្វាន់ណាមួយឡើយ៕