(ក្រុងម៉ូនិច)៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលនៅពេលក្រុម Inter Milan របស់អ៉ីតាលីបានលត់គូប្រជែង Shakhtar Donetsk របស់អ៊ុយក្រែនក្នុងលទ្ធផល ៥-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនារាត្រីថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២០ ដើម្បីទៅជួប Sevilla ដណ្តើមពាន UEFA Europa League រដូវកាលនេះ។

តាមរយៈព័ត៌មានពីគេហទំព័រ BBC បានចេញផ្សាយនៅថ្ងៃនេះថា កីឡាករខ្សែប្រយុទ្ធ Romelu Lukaku និង Lautaro Martinez រកបានម្នាក់ ២គ្រាប់ដូចគ្នា ក្នុងជំនួបដែលត្រូវបានធ្វើឡើងនៅទីក្រុង Dusseldorf ប្រទេសអាល្លឺម៉ង់ ដើម្បីដណ្តើមកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រពានលំដាប់ទី២ អឺរ៉ុប Europa League ជាមួយ Sevilla របស់អេស្ប៉ាញ។

កីឡាករអន្តរជាតិអាហ្សង់ទីន Martinez បានរកគ្រាប់បាល់ទី១ របស់ខ្លួននៅនាទី១៩ ដោយការបញ្ជូនបាល់ពីកីឡាករ Nicolo Barella មុនពេលគ្រាប់ទី២ បានកើតឡើងនៅនាទី៧៤ ជាមួយមិត្តរួមក្រុម D’ Ambrosio រកបាន ១គ្រាប់ផងដែរនៅនាទី៦៤ និង Lukaku បន្ថែម ២គ្រាប់ចុងម៉ោងនៅនាទី៧៨ និងនាទី៨៣ ក្នុងរក្សាជ័យជម្នះ ១០០% និងឈ្នះច្រើនគ្រាប់ផងដែរនៅពានអឺរ៉ុបរដូវកាលនេះ។

អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United សញ្ជាតិប៊ែលហ្សិក Romelu Lukaku បច្ចុប្បន្នរកបាន ១០គ្រាប់នៅ Europa League កើនបាន ៣៣គ្រាប់គ្រប់ការប្រកួតនារដូវកាលនេះសម្រាប់ក្រុមបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ នៅ Serie A។

ក្រោយខកខានដណ្តើមជើងឯក Serie A នារដូវកាលនេះ ដោយចាញ់តែ ១ពិន្ទុពីក្រុមជើងឯកសេះបង្កង់ Juventus ពេលនេះ Inter Milan មានឱកាសដណ្តើមពានរង្វាន់ជាលើកទី១ របស់ពួកគេគិតចាប់តាំងពីឆ្នាំ២០១១ នៅពេលដែលពួកគេប៉ះជាមួយ Sevilla របស់លោក Julen Lopetegui ដែលនឹងធ្វើឡើងនៅរាត្រីថ្ងៃសុក្រសប្តាហ៍នេះ៕