(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំ(U16) និងអាយុក្រោម ១៨ឆ្នាំ(U18) របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចប់ការប្រកួតជើងទី១ ហើយ ដោយក្រុមម្ចាស់ផ្ទះទទួលបានជ័យជម្នះ ៣ប្រកួត លើកលែងក្រុមយុវជន U16 នគររាជអែហ្វស៊ី ដែលដណ្ដើមបានជ័យជម្នះក្រៅដី។
យុវជននគររាជអែហ្វស៊ី បានយកឈ្នះក្រុមម្ចាស់ផ្ទះសាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ ដោយលទ្ធផល ២-០ ក្នុងជើងទី១ នៃពានរង្វាន់យុវជន U16។ ចំណែក ១គូទៀត គឺក្រុមយុវជន U15 វិសាខា បានយកឈ្នះក្រុមភ្ញៀវសាលាតម្រង់ទិសខេត្តឧត្ដរមានជ័យ ដោយលទ្ធផល ៣-១ ដើម្បីធ្វើដើមទុនត្រៀមការប្រកួតជើងទី២ រៀងៗខ្លួន។
ដោយឡែក ២ប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន U18 វិញ ក្រុមយុវជន U18 វិសាខា បានយកឈ្នះក្រុមភ្ញៀវសាលាតម្រង់ទិសខេត្ដស្ទឹងត្រែង ដោយលទ្ធផល ៤-១ ស្របពេលក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន លត់ក្រុមសាលាតម្រង់ទិសខេត្តក្រចេះ ដោយលទ្ធផល ៥-០។
យ៉ាងណាមិញក្រុមនីមួយៗ នៅសល់ឱកាសប្រកួតជើងទី២ ម្ដងទៀត ដើម្បីកាត់សេចក្ដីរកក្រុមខ្លាំងឡើងវគ្គផ្ដាច់ព្រ័ត្រ ទាំងពាន U16 និងពាន U18 ដែលគ្រោងប្រកួតរកជើងឯកចុងខែនេះ។ ចំពោះការប្រកួតជើងទី២ នឹងធ្វើឡើងនាថ្ងៃទី២៣ ខែសីហាខាងមុខ ដែលជាការប្រកួតផ្លាស់ប្ដូរទឹកដីគ្នា៕