(តូក្យូ)៖ ក្រុមហ៊ុនធនាគារដ៏ធំរបស់ជប៉ុន និងលំដាប់ពិភពលោក SoftBank Group Corp បានចំណាយប្រាក់រាប់ពាន់លានដុល្លារអាមេរិក ក្នុងការវិនិយោគ ជាមួយនឹងក្រុមហ៊ុនបចេ្ចកវិទ្យាធំៗរបស់អាមេរិក ដោយក្នុងនោះ Amazon ត្រូវបាន SoftBank សម្លឹងឃើញមុនគេបំផុត។ នេះ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។
តាមការបញ្ជាក់ពីគណៈកម្មការមូលបត្រសហរដ្ឋអាមេរិក បានឱ្យដឹងថា ក្រុមហ៊ុន SoftBank បានចំណាយប្រាក់ ១ពាន់លានដុល្លារអាមេរិក ក្នុងការទិញ ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០ និងបានចំណាយប្រាក់ខ្ទង់ពាន់លានដុល្លារផ្សេងទៀតក្នុងការទិញ ក្រុមហ៊ុន បច្ចេកវិទ្យាអាមេរិកធំៗដូចជា Google, Microsoft, Tesla និង Zoom ជាដើម។
លោក Masayoshi Son ស្ថាបនិក និងជានាយកប្រតិបត្តិ SoftBank បានប្រកាសកាលពីសប្ដាហ៍មុនថា លោកគ្រោងចំណាយលុយប្រមាណ ១០ពាន់លានដុល្លារអាមេរិក ក្នុងការវិនិយោគថ្មី ប៉ុន្តែលោកមិនវិនិយោគទៅលើក្រុមហ៊ុន Startups នោះទេ គឺលោកនឹងទិញភាគហ៊ុនក្រុមហ៊ុនធំៗ របស់ អាមេរិក ព្រោះថានៅពេលនេះតម្លៃហ៊ុនរបស់ក្រុមហ៊ុនទាំងនោះកំពុងតែឡើងថ្លៃ ដែលនាំឱ្យលោកឆាប់ទទួលបានប្រាក់ចំណេញ។
យោងតាមសារព័ត៌មានដ៏ល្បីរបស់ជប៉ុន Nikkei បានឱ្យដឹងថា ចាប់ពីក្រុមហ៊ុន SoftBank វិនិយោគលើក្រុមហ៊ុន Amazon គិតមកដល់ពេលនេះ គឺ ទទួលបានប្រាក់ចំណេញ ២០០លានដុល្លារ ពោលគឺ ៦សប្ដាហ៍ក្រោយពីការទិញ ខណៈដែលទទួលបានប្រាក់ចំណេញប្រមាណ ៨០លានដុល្លារ ពី ក្រុមហ៊ុន Tesla ដែលស្មើនឹង ៦៥ភាគរយនៃប្រាក់វិនិយោគដើម៕