(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់ Stoke City ដែលបានកំពុងលេងក្នុងលីគទី២ អង់គ្លេស Championships បានចុះហត្ថលេខាជាមួយអតីតខ្សែប្រយុទ្ធនីហ្សេរីយ៉ា John Obi Mikel នៃការផ្ទេរដោយគ្មានតម្លៃ បន្ទាប់ពីកីឡាករមកពីតំបន់អាហ្រ្វិកមួយនេះបានបញ្ចប់កិច្ចសន្យាជាមួយក្លិប Trabzonspor ក្នុងលីគកំពូលតួកគី ដោយសារមិនចង់លេងនៅទីនោះ ដោយសារភ័យខ្លាចនៃជំងឹ Covid-19។

តាមរយៈព័ត៌មានពីគេហទំព័រ Channel News Asia បានចេញផ្សាយថា Mikel ត្រឡប់មកលេងនៅអង់គ្លេសវិញ ក្រោយចាកចេញពីប្រទេសតួកគីពីក្លិប Trabzonspor ដោយមានការព្រមព្រៀងរំលាយកិច្ចសន្យាផងដែរកាលពីខែមីនា ឆ្នាំ២០២០។ កីឡាករវ័យ ៣៣ឆ្នាំក៏ធ្លាប់បានចំណាយពេល ១១រដូវកាលក្នុងក្លិបតោខៀវ Chelsea ដោយជួយឲ្យក្រុមនៅទីក្រុងឡុងដ៍មួយនេះឈ្នះជើងឯក Premier League បាន២ដង ពាន FA Cup ៣ដង និង Champions League១ដងផងដែរ។

លោក Michael O'Neill អ្នកចាត់ការទូទៅរបស់ក្រុម Stoke បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងពិតជារីករាយណាស់ក្នុងការនាំយកលោក John ទៅកាន់ក្លិបនេះ។ អាជីពលេងរបស់គាត់នឹងបញ្ជាក់ពីសុពលភាពកិច្ចសន្យារបស់គាត់ក្នុងនាមជាកីឡាករម្នាក់នៅទីនេះ»

លោកថា «ខ្ញុំពិតជាមានការចាប់អារម្មណ៍ចំពោះគាត់នៅពេលដែលយើងបានជួបគ្នាជាលើកដំបូង ហើយគាត់បានគូសបញ្ជាក់នូវអ្វីដែលគាត់ចង់បានពីដំណាក់កាលបន្ទាប់នៃអាជីពរបស់គាត់»

គួរបញ្ជាក់ផងថា Stoke បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៥ ក្នុងការប្រកួតនៅ Championships កាលពីរដូវកាលមុន៕