(ភ្នំពេញ)៖ ខ្សែប្រយុទ្ធ Bisan George និងខ្សែបម្រើ Ajayi Gbenga Samuel ដែលជាកីឡាករមានបទពិសោធន៍ជោគជាំជាមួយបណ្ដាក្លិបជាច្រើន នៅលីគកំពូលកម្ពុជា បានចូលរួមជាថ្មីជាមួយក្លិបអាស៊ីអឺរ៉ុបយូណាយធីតទៀតហើយ ដើម្បីត្រៀមធ្វើសង្គ្រាមលើសមរភូមិវាលស្មៅ នៅជើងទី២ នាពេលឆាប់ៗខាងមុខ។
មុនផ្ទេរមកកាន់ទឹកដី AEU Sport Park ដែលស្ថិតនៅស្រុកស្វាយជ្រំ ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Bisan George បានលេងឲ្យក្រុមជើងឯកលីគឆ្នាំ២០១៨ ណាហ្គាវើលដ៏ មុនចប់កិច្ចសន្យានៅពាក់កណ្ដាលរដូវកាលឆ្នាំ២០២០។ រីឯ Gbenga វិញ មិនមានក្លិបលេងនោះទេ ក្រោយចែកផ្លូវជាមួយបឹងកេត មុនចាប់ផ្ដើមការប្រកួតរដូវកាលថ្មីនេះ។
លោក ផេង ចន្នា អ្នកចាត់ការក្រុមអាស៊ីអឺរ៉ុប បានឲ្យដឹងថា កីឡាករសញ្ជាតិនីហ្សេរីយ៉ាទាំង ២រូប សុទ្ធតែធ្លាប់លេងឲ្យអាស៊ីអឺរ៉ុបពីមុនមក ដូច្នេះលោករំពឹងវត្តមានរបស់ពួកគេ នឹងជួយឲ្យក្រុមសម្រេចបានលទ្ធផលកាន់តែប្រសើរនៅជើងទី២ ពិសេសតំបន់ប្រយុទ្ធ។ លោកថា ជំហានដំបូង George និង Gbenga នឹងលេងឲ្យអាស៊ីអឺរ៉ុប នៅជើងទី២ ក្នុងរដូវកាលឆ្នាំ២០២០ ប៉ុណ្ណោះ។
សូមរំឭកថា ខ្សែប្រយុទ្ធ និងខ្សែបម្រើខាងលើ ធ្លាប់លេងឲ្យក្លិបជាច្រើននៅកម្ពុជា ក្នុងនោះ George ធ្លាប់លេងឲ្យក្លិបបឹងកេត, ភ្នំពេញក្រោន, កងយោធពលខេមរភូមិន្ទ និងអតីតក្រុមឆ្លាមសមុទ្រ។ រីឯ Gbenga ធ្លាប់លេងឲ្យក្លិបភ្នំពេញក្រោន បឹងកេត ហើយក៏ធ្លាប់លេងឲ្យក្លិបធំៗនៅលីគថៃ រួមមាន Bangkok Glass, Chonburi និង Samut Songkhram ទៀតផង៕