(ភ្នំពេញ)៖ លោកស្រី ប៉ោ សុគន្ធ អគ្គនាយិកា ក្រុមហ៊ុនវឌ្ឍនៈត្រេងឌីង បានលើកឡើងថា ការសម្រេចបង្កើតនូវសិប្បកម្មក្នុងការជំរុញផលិតផលសម្រេច នៅកម្ពុជា គឺដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងចូលរួមជំរុញសេដ្ឋកិច្ចកម្ពុជា។
ក្រោយពិធីសម្ពោធផលិតផលសាប៊ូកក់សក់ និងដុសខ្លួនម៉ាកអាម៊ូនី លោកស្រី ប៉ោ សុគន្ធ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមហ៊ុនរបស់លោកស្រី ត្រូវបានបង្កើតឡើងរយៈពេល១០កន្លងទៅ និងបាននាំចូលនូវផលិតផលពីក្រៅប្រទេសចូលកម្ពុជា ប៉ុន្តែរយៈពេល២ឆ្នាំចុងក្រោយនេះ លោកស្រីបានសម្រេចចិត្តបង្កើតសិប្បកម្ម ដើម្បីផលិត និងលក់ចេញផលិតផលទាំងនេះនៅកម្ពុជាតែម្តង។
លោកស្រី ប៉ោ សុគន្ធ បានបញ្ជាក់ថា ការបង្កើតនូវសិប្បកម្ម និងការវេចខ្ចប់នៅកម្ពុជា ក្នុងគោលបំណងចូលរួមជំរុញការសេដ្ឋកិច្ចកម្ពុជា និងមានបំណងលើកតម្កើនផលិតផលដែលធ្វើឡើងដោយប្រជាពលរដ្ឋខ្មែរ។ លោកស្រីថា បើទោះបីមានបញ្ហាប្រឈមចំពោះការ ប្រកួតប្រជែងទីផ្សារ និងការគាំទ្រពីប្រជាពលរដ្ឋក្តី ប៉ុន្តែការបង្កើតឱកាសការងារក៏ជាកត្តាចាំបាច់ សម្រាប់ប្រជាពលរដ្ឋ ដើម្បីស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។
ក្នុងពិធីនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ លោកស្រីអគ្គនាយិកា ក្រុមហ៊ុនវឌ្ឍនៈត្រេងឌីង បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមគាំទ្រផលិតផលដែលបង្កើត ដោយពលរដ្ឋខ្មែរ ស្របពេលផលិតផលរបស់ក្រុមហ៊ុនលោកស្រី គឺតែងតែគិតពីគុណភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ជាចំបងផងដែរ៕