(ក្រុងឡុងដ៍)៖ កីឡាករខ្សែបម្រើ-ប្រយុទ្ធ Kevin De Bruyne តារាឆ្នើមរបស់ក្រុម Manchester City ត្រូវបានបោះឆ្នោតជាប់ជាកីឡាករឆ្នើមប្រចាំរដូវកាលឆ្នាំ២០១៩-២០ ប្រចាំក្របខណ្ឌលីគកំពូលអង់គ្លេស Premier League។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា Live Score។

កីឡាករអន្តរជាតិប៊ែលហ្សិកខាងលើនេះទទួលបានពានរង្វាន់ឯកត្តជន Player of the Season បន្ទាប់ពីមានការបោះឆ្នោតគាំទ្រពីសំណាក់អ្នកគាំទ្រ និងប្រធានក្លិបនានាមកពីក្លិបជាសមាជិក Premier League និងក្រុមជំនាញថែមទៀតផង។

De Bruyne បានផ្តួលគូប្រជែងកីឡាករមកពីក្រុមហង្សក្រហម ៣នាក់គឺ Trent Alexander-Arnold, Jordan Henderson និង Sadio Mane ក៏ដូចជាកីឡាករ Danny Ings, Nick Pope និង Jamie Vardy ជាដើម ដើម្បីទទួលបានពានដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនេះ។

បុរសវ័យ ២៩ឆ្នាំ De Bruyne គឺជាកីឡាករឆ្នើមរបស់ Man City ខណៈដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ នៅលីគកំពូលរដូវកាលនេះ បន្ទាប់ពី Liverpool ឈ្នះជើងឯក ដោយរូបគេរកបាន ១៣គ្រាប់ និងបញ្ជូនបាន ២០គ្រាប់ផងដែរតាមស្មើនឹងកំណត់ត្រារបស់អតីត Thierry Henry របស់ក្លិបកាំភ្លើងធំ Arsenal ដែលធ្វើបានក្នុងរដូវកាលឆ្នាំ២០០២-២០០៣។

Kevin De Bruyne គឺជាខ្សែបម្រើជនជាតិប៊ែលហ្សិកទី៣ ដែលឈ្នះពានកិត្តិយសលក្ខណៈឯកត្តជន បន្ទាប់ពីអតីតមិត្តរួមក្រុម Vincent Kompany ទទួលបានក្នុងរដូវកាលឆ្នាំ២០១១-១២ និងអតីតតារាឆ្នើមរបស់ក្រុមតោខៀវ Chelsea កីឡាករ Eden Hazard ក្នុងរដូវកាលឆ្នាំ២០១៤-២០១៥៕