(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup ថ្នាក់ជាតិ លើកទី១៤ ឆ្នាំ២០២០ នឹងចាប់ផ្ដើមការប្រកួតកាត់សេចក្ដីជើងទី២ នៃវគ្គ ១៦ក្រុមចុនាល្ងាចថ្ងៃទី១៩ ខែសីហានេះហើយ ខណៈនឹងមានបេក្ខភាពឡើងវគ្គ ៨ក្រុមចុងក្រោយ (១/៤) ចំនួន ៣ក្រុមនឹងរកឃើញថ្ងៃនេះ។
ចំពោះកម្មវិធីប្រកួតល្ងាចនេះ រួមមានក្រុមអគ្គិសនីកម្ពុជា បើកទ្វារផ្ទះទទួលក្រុមណាហ្គាវើលដ៏ ខណៈក្រុមនគរបាលជាតិ ជួបក្រុមគិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន AEU Sport Park និងខេត្តព្រៃវែង បើកទ្វារផ្ទះទទួលក្រុមអង្គរថាយហ្គឺរ នៅកីឡដ្ឋានខេត្តព្រៃវែង ដោយចាប់ផ្ដើមការប្រកួតម៉ោង ៣៖៣០នាទីរសៀលនេះដូចគ្នា។
សម្រាប់ ៣ប្រកួតខាងលើ គឺជាជំនួបកាត់សេចក្ដី ដើម្បីប្រជែងកៅអីវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីក្រុមនីមួយៗបានឆ្លងកាត់ការប្រកួតជើងទី១ រៀងៗខ្លួន ក្នុងនោះក្រុមអគ្គិសនីកម្ពុជា ចាញ់ណាហ្គាវើលដ៏ក្រៅដី ៣-២ គ្រាដែលក្រុមនគរបាលជាតិ ស្មើគិរីវង់សុខសែនជ័យ ០-០ និងខេត្តព្រៃវែង ឈ្នះអង្គរថាយហ្គឺរ ៣-២។
ដោយឡែកក្រុមវិសាខា ក៏ត្រូវបើកទ្វារផ្ទះទទួលក្រុមជម្រើសខេត្តត្បូងឃ្មុំនាម៉ោង ៦ល្ងាចនេះដែរ។ ប៉ុន្ដែនេះជាការប្រកួតដំបូង បន្ទាប់ពីជំនួបជើងទី១ រវាងក្រុមទាំងពីរ ដែលគ្រោងប្រកួតកាលពីថ្ងៃទី១៣ ខែសីហា ត្រូវបានលើកទៅប្រកួតនាថ្ងៃទី២៦ ខែសីហាវិញ ដោយសារបញ្ហាទីលានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែនេះ មេមត់ ពោរពេញដោយទឹកភ្លៀង។
ចំណែកកម្មវិធីប្រកួតជើងទី២ ចំនួន ៤គូផ្សេងទៀត នឹងប្រកួតថ្ងៃស្អែក ក្នុងនោះសូលទីឡូអង្គរ ត្រូវជួបក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង, ក្រុមអាស៊ីអឺរ៉ុប បើកទ្វារផ្ទះទទួលក្រុមភ្នំពេញក្រោន, ខេត្តកែប ប៉ះក្រុមខ្លាំងកងយោធពលខេមរភូមិន្ទ និងក្រុមការពារតំណែងជើងឯកបឹងកេត បើកទ្វារកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ទទួលខេត្តសៀមរាប។
កាលពីជើងទី១ សូលទីឡូអង្គរ បានចាញ់ព្រះខ័នរាជស្វាយរៀង ១-០ ស្របពេលអាស៊ីអឺរ៉ុប ចាញ់ក្រុមភ្នំពេញក្រោនយ៉ាងចាស់ដៃ ៤-០។ រីឯក្រុមកងយោធពលខេមរភូមិន្ទ បានលត់ខេត្តកែប ១០-២ និងក្រុមបឹងកេតយកឈ្នះក្រុមបាល់ទាត់ខេត្តសៀមរាប ៥-០។ ដូច្នេះក្រោយចប់ការប្រកួតជើងទី២ ក្រុមដែលទទួលបានគ្រាប់បាល់ចំណេញច្រើនជាងគេ នឹងបានឡើងវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ៕