(ភ្នំពេញ)៖ ក្រុមបាល់ទាត់វិសាខា នឹងត្រូវបើកទ្វារកីឡដ្ឋានព្រីនស៍ ស្វាគមន៍ក្រុមជើងឯករងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត គឺខេត្តត្បូងឃ្មុំនាល្ងាចថ្ងៃទី១៩ ខែសីហានេះ ក្នុងជើងទី២ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៤ ឆ្នាំ២០២០។

ជុំវិញការប្រកួតនេះ លោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្រុមខ្លាំងវិសាខា បានបញ្ជាក់ថា នឹងគ្មានការបន្ធូបន្ថយឡើយ ពោលគឺវិសាខា នឹងប្រើប្រាស់សមត្ថភាព ១០០% ពេញក្នុងការប្រកួត ហើយក៏មិនអាចធ្វេសប្រហែល ចំពោះខេត្តត្បូងឃ្មុំ ដែលជាក្រុមថ្នាក់ខេត្តនេះដែរ ។

លោកថា «បាល់ទាត់ គឺយើងលេងដោយសមត្ថភាពពិតប្រាកដ យើងអត់អាចលេង គិតថាយើងឈ្នះ យើងបន្ធូបន្ថយនោះទេ គឺយើងនឹងប្រើប្រាស់សមត្ថភាព ១០០% ក្នុងការប្រកួត រហូតចប់ ៩០នាទី ។ អញ្ចឹងទោះជាយើងឈ្នះប៉ុន្មានក៏ដោយ ក៏យើងត្រូវប្រឹងឲ្យអស់ពីសមត្ថភាព»

បន្ថែមលើនេះ លោកក៏បានមើលឃើញពីចំណុចខ្លាំងរបស់ត្បូងឃ្មុំដែរ ត្រង់របៀបលេង និងឆន្ទៈលេងជាក្រុម ដែលធ្វើឲ្យលោកកោតសរសើរ ។ ហេតុនេះហើយ ទើបលោកមិនហ៊ានមើលស្រាល ហើយជំរុញកូនក្រុមលេងឲ្យអស់ពីសមត្ថភាព ទោះបីវិសាខា គឺជាក្រុមលីគកំពូលកម្ពុជាក៏ដោយ ។

សូមបញ្ជាក់ថា ក្រុមទាំងពីរ ត្រូវធ្វើការប្រកួតជើងទី២ មុនជើងទី១ បន្ទាប់ពីជំនួបជើងទី១ ដែលគ្រោងប្រកួតតាំងពីថ្ងៃទី១៣ ខែសីហា ត្រូវបានលើកពេលទៅប្រកួតនៅថ្ងៃទី២៦ ខែសីហាវិញ ក្រោយមានការចុះពិនិត្យទីលានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ មានបញ្ហាបច្ចេកទេស ដោយទីលានខូចខាតច្រើន មិនអាចរៀបចំការប្រកួតបាន ។ ចំពោះការប្រកួតកាត់សេចក្ដី នាថ្ងៃទី២៦ ខែសីហា មកទល់ពេលនេះ ក៏មិនទាន់កំណត់ទីលានប្រកួតដែរ៕