(ភ្នំពេញ)៖ កីឡដ្ឋានធំ ឬ Main Stadium នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាទីតាំងត្រៀមទទួលពិធីបើក-បិទ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា បានសម្រេចសមិទ្ធផលសាងសង់ប្រមាណ ៩០% ហើយ ស្របពេលគម្រោងនេះ គ្រោងនឹងបញ្ចប់ជាស្ថាពរនាខែមីនា ឆ្នាំ២០២១។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឬហៅកាត់ថា CAMSOC បានបញ្ជាក់ថា ទោះបីវិបត្តិកូវីដ-១៩ បានជះឥទ្ធិពលទូទាំងពិភពលោក តែវាមិនប៉ះខ្លាំងដល់ដំណើរការសាងសង់ដំណាក់កាលទី២ នៃពហុកីឡដ្ឋានជាតិមរតកតេជោនេះឡើយ ជាក់ស្ដែងមកទល់ពេលនេះ ការសាងសង់បានដំណើរការរលូន និងសម្រេចបាន ៩០% ហើយ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើ បន្ដថា «មកទល់ពេលនេះ ការសាងសង់កីឡដ្ឋានធំ ឬ Main Stadium រួចរាល់ ៩០% ហើយ គឺនៅសល់តែការបំពាក់គ្រឿងបរិក្ខាប៉ុណ្ណោះ ដូចជាកៅអី កញ្ចក់ បង្កាន់ដៃ ភ្លើង ទីលានខាងក្នុង និងការដេគ័រផ្សេងៗទៀត ។ ដូចយើងធ្វើផ្ទះអញ្ចឹង ការណាដល់ដេគ័រហ្នឹងរៀងយឺតបន្ដិច តែបើនិយាយពីផ្នែកសំណង់សឹងតែរួចរាល់ហើយ ។ គម្រោងនេះ អាចនឹងបញ្ចប់ស្ថាពរនៅអំឡុងខែមីនា ឆ្នាំក្រោយ»

គួរដឹងថា សំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យនេះ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយប្រើប្រាស់វិស្វករជំនាញ និងកម្មករសរុបជិត ៦០០នាក់ ដើម្បីសាងសង់ ក្រោមជំនួយឥសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ដែលមានទឹកប្រាក់ប្រមាណ ១៦០លានដុល្លារអាមេរិក។ សមិទ្ធផលដ៏ធំសម្បើមនេះ អាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់ឯណោះ៕