(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup ថ្នាក់ជាតិ លើកទី១៤ ឆ្នាំ២០២០ បានរកបេក្ខភាពឡើងវគ្គ ៨ក្រុមចុងក្រោយ(១/៤) ចំនួន ៣ក្រុមហើយ រួមមានក្រុមជម្រើសខេត្តព្រៃវែង ក្លិបណាហ្គាវើលដ៏ និងក្លិបគិរីវង់សុខសែនជ័យ ក្រោយទម្លាក់ក្រុមខ្លាំងៗ ៣ក្រុម ស្របពេលក្លិបវិសាខា បានលត់អតីតក្រុមជើងឯកពានថ្នាក់ខេត្ត ឆ្នាំ២០១៩ ខេត្តត្បូងឃ្មុំ ៩-០ នៅយប់ថ្ងៃពុធនេះ។

ចំពោះខេត្តព្រៃវែង ដែលជាក្រុមជើងឯកពានសម្ដេចតេជោ-ថ្នាក់ខេត្ត ឆ្នាំ២០២០ បានធ្វើឲ្យក្រុមសមាជិកលីគកំពូលកម្ពុជា អង្គរថាយហ្គឺរ បានត្រឹមខកចិត្តជាខ្លាំង បន្ទាប់ពីប្រកួតស្មើគ្នា ២-២ ក្នុងជំនួបជើងទី២ លើទឹកដីខេត្តព្រៃវែង នាល្ងាចថ្ងៃទី១៩ ខែសីហានេះ ។ ប៉ុន្ដែសរុបលទ្ធផលទាំង ២ជើង ខេត្តព្រៃវែង បានយកឈ្នះអង្គរថាយហ្គឺរ ៥-៤ ដ្បិតជើងទី១ ពួកគេបានទទួលជ័យជម្នះក្រៅដី ៣-២ ។

រីឯក្រុមគិរីវង់ បានធ្វើឲ្យក្រុមនគរបាលជាតិ សោកស្ដាយ ក្រោយធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយដូចគ្នា ក្រោយយកឈ្នះដោយកាត់ទាត់បាល់ប៉េណាល់ទី ៤-៣ បន្ទាប់ពីប្រកួតជើងទី២ ស្មើគ្នា ១-១ ។ មុនឈានដល់ការទាត់បាល់ ១១ម៉ែត្រ អតីតក្រុមជើងឯកឆ្នាំ២០១៤ គិរីវង់ និងនរគបាលជាតិ បានប្រកួតស្មើគ្នា ០-០ ។ តែដោយជើងទី២ លទ្ធផលស្មើគ្នាទៀត គណៈកម្មការអនុវត្តការទាត់ប៉េណាល់ទីកាត់សេចក្ដីតែម្ដង ។

ចំណែកបេក្ខភាពក្រុមទី៣ ដែលបានកក់កៅអីវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ គឺក្រុមណាហ្គាវើលដ៏ បានយកឈ្នះក្រុមអគ្គិសនីកម្ពុជា សរុបលទ្ធផលទាំង ២ជើង ៤-២ បន្ទាប់ពីបន្ដយកឈ្នះអតីតក្រុមលេខ៣ ឆ្នាំ២០១៧ ដោយលទ្ធផល ១-០ ក្រៅដីក្នុងជើងទី២ នាល្ងាចថ្ងៃពុធនេះ ខណៈជើងទី២ ក្រុមណាហ្គាវើលដ៏ ទទួលបានជ័យជម្នះ ៣-២ ។ ដូច្នេះក្រុមលោក មាស ចាន់ណា ត្រូវឡើងវគ្គបន្ដ ដូចខេត្តព្រៃវែង និងគិរីវង់សុខសែនជ័យដែរ ។

ដោយឡែកក្រុមវិសាខាវិញ បានយកឈ្នះខេត្តត្បូងឃ្មុំ យ៉ាងចាស់ដៃ ក្នុងជំនួបលើកដំបូងរវាងក្រុមទាំងពីរ នៅកីឡដ្ឋានព្រីនស៍ ក្នុងលទ្ធផល ៩-០ ។ ៩គ្រាប់របស់ក្រុមលេខ៣ ឆ្នាំចាស់នេះ ធ្វើសម្រេចដោយកីឡាករ ស៊ិន កក្កដា ៣គ្រាប់, ស៊ិន សុផាណាត់ ៣គ្រាប់, រ៉ឹង ប៊ុនហៀង, អ៊ិន វិច្ឆ័យ និង ម៉ាក់ សាក់រវី ម្នាក់ ១គ្រាប់ ។ យ៉ាងណាមិញក្រុមទាំងពីរ នៅសល់ប្រកួត ១ជើងទៀត នាថ្ងៃទី២៦ ខែសីហា ដើម្បីកាត់សេចក្ដីរកក្រុមឡើងវគ្គបន្ដ៕