(ភ្នំពេញ)៖ លោក យឹម តាស្រង់ នាយកចាត់ការទូទៅផលិតកម្ម Galaxy Navatra បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News Plus នៅរាត្រីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះឲ្យដឹងថា លោក ព្រាប សុវត្ថិ បានសម្រេចចិត្តចូលមកផលិតកម្ម Galaxy Navatra ជាមួយកុងត្រារយៈពេល៥ឆ្នាំ។

កម្មវិធីទទួលស្វាគមន៍កំពូលតារាចម្រៀង ព្រាប សុវត្ថិ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ខាងមុខនេះនៅសណ្ឋាគារ Garden City ជិតវិមានឈ្នះឈ្នះ ហើយសម្រាប់ព័ត៌មានលម្អិត នឹងបង្ហាញនៅក្នុងសន្និសីទកាសែតនាថ្ងៃនោះ។

 

* អំពីលោក ព្រាប សុវត្ថិ

លោក ព្រាប សុវត្ថិ កើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៥ នៅស្រុកកំណើតខេត្តបាត់ដំបង ក្នុងរបបប៉ុលពត (បច្ចុប្បន្នអាយុ៤៥ឆ្នាំ)។​​ ឪពុក​ឈ្មោះ ព្រាប​ សុ​វុទ្ធ (ត្រូវបានសម្លាប់ដោយខ្មែរក្រហមក្នុងឆ្នាំ១៩៧៧​)។ ម្តាយឈ្មោះ ផូ សំណាង​ ជាមន្ត្រីរាជការ។ ប្រពន្ធឈ្មោះ​ ឡុង ស្រីមុំ។ មានកូន៣នាក់ ប្រុសទាំង៣នាក់ ​កូនទី១ឈ្មោះ សុវត្ថិ មុន្នីវណ្ណ កូនទី២ឈ្មោះ សុវត្ថិ មុន្និនាគ កូនទី៣ឈ្មោះ សុវត្ថិ មុន្និសិរីវុទ្ធ​ ។ បច្ចុប្បន្នជាអ្នកចម្រៀងក្នុងផលិតកម្ម«​ហង្សមាស»។

ក្រោយពេលចេញពីរបបប៉ុលពត កុមារ​ ព្រាប សុវត្ថិ រស់នៅជាមួយម្តាយមេម៉ាយ ធ្វើការជាកសិករនៅស្រុកកោះធំ ហើយក្រោយមករស់នៅក្នុងមណ្ឌលកុមារកំព្រា។ នៅឆ្នាំ១៩៨២ ព្រាបសុវត្ថិ និងម្ដាយបានផ្លាស់មកភ្នំពេញ។ ឆ្នាំ១៩៩៣បានបញ្ចប់វិទ្យាល័យ ហើយបានបន្តការសិក្សាបរិញ្ញាបត្រច្បាប់ និងសេដ្ឋកិច្ចនៅសាកលវិទ្យាល័យសេដ្ឋកិច្ច។ ឆ្នាំ១៩៩៤បានចូលបំរើកងទ័ពនៅអង្គភាពការិយាល័យនយោបាយ។ បច្ចុប្បន្នមានឋានន្តរស័ក្តិថ្នាក់វរៈសេនីយ៍។

 

* អំពីស្នាដៃក្នុងវិស័យសិល្បៈ

នៅពេលលោក ព្រាប សុវត្ថិ ចូលបំរើកងទ័ព នៅអង្គភាពការិយាល័យនយោបាយ និងបានច្រៀងក្នុងអង្គភាពផង។ នេះជាចំណុចចាប់ផ្តើមនៃជីវិតសិល្បៈរបស់លោក។ បើយើងនៅចាំបានបទដំបូង ដែលធ្វើឲ្យមានការចាប់អារម្មណ៍ពីអ្នកស្តាប់ចម្រៀងនាសម័យនោះគឺបទ «អូនមិនមែនសង្សារបង» ដែលច្រៀងរួមគ្នាជាមួយ កញ្ញា ​ទូច ស៊ុននិច​ ជាមួយបទផ្សេងទៀតចំនួនប្រហែល១០បទ​។ បន្ទាប់ពីប្រជាប្រិយភាពនៃបទចម្រៀងដំបូងនេះ អ្នកទាំងពីរបានចូលរួមក្នុងផលិតកម្មធំបំផុតមួយនៅកម្ពុជា ផលិតកម្ម «ហង្សមាស» ក្នុងឆ្នាំ១៩៩៧។