(បាសេឡណា)៖ លោក Ronald Koeman គ្រូបង្វឹកថ្មីរបស់ក្រុម FC Barcelona បាននិយាយថា លោកនឹងព្យាយាមបញ្ចុះបញ្ចូល កីឡាករកំពុងមិនសប្បាយចិត្ត Lionel Messi ឲ្យបន្តលេងនៅទឹកដី Camp Nou ទៀត។

តាមរយ:ព័ត៌មានពី BBC បានចេញផ្សាយថា បុរសជនជាតិហូឡង់ Koeman អាយុ ៥៧ឆ្នាំបានចុះកិច្ចសន្យារយៈពេល ២ឆ្នាំជាមួយ Barca ពោលគឺ ២ថ្ងៃបន្ទាប់ពីក្លឹបបានបណ្តេញលោក Quique Setien ចេញពីតំណែង។

អនាគតរបស់ Messi នៅកីឡដ្ឋាន Camp Nou គឺមិនប្រាកដប្រជាទេ បន្ទាប់ពីគេមិនបានឈ្នះពានរង្វាន់ណាមួយ កាលពីរដូវកាលមុនជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៧-០៨ មក។

លោក Koeman បាននិយាយថា គាត់នៅតែមានកិច្ចសន្យា ហើយគាត់នៅតែជាកីឡាកររបស់ Barcelona ដដែល។ ត្រង់ចំណុចនេះខ្ញុំចាំបាច់ត្រូវនិយាយជាមួយគាត់ ព្រោះគាត់ជាប្រធានក្រុម។

យើងត្រូវធ្វើការជាមួយគាត់ និងនិយាយជាមួយកីឡាករផ្សេងៗ។ យើងត្រូវធ្វើការសម្រេចចិត្តខ្លះ ប៉ុន្តែក្នុងករណី Messi ខ្ញុំសង្ឃឹមថាគាត់នឹងនៅជាមួយយើង។

ខ្ញុំមិនដឹងថាតើខ្ញុំត្រូវបញ្ចុះបញ្ចូល Messi ឲ្យ នៅបន្តថាតើវាអាចទៅរួច ឬអត់នោះទេ។ គាត់ជាកីឡាករល្អបំផុតនៅលើពិភពលោក និងជាកីឡាករល្អបំផុតនៅលើពិភពលោកដែលអ្នកចង់បាននៅក្នុងក្រុមរបស់អ្នក។

លោក Koeman បានសង្កត់ធ្ងន់ថា ក្នុងនាមជាគ្រូបង្វឹក គាត់ចង់ធ្វើការជាមួយ Messi ក៏ព្រោះកីឡាករអាហ្សង់ទីនពោរពេញដោយសមត្ថភាព និងកម្រិតនៃការលេងធ្វើឲ្យគេចង់បានគ្រប់គ្នា៕