(នីយ៉ុង)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានសម្រេចមិនអនុញ្ញាតឲ្យមានអ្នកគាំទ្រណាអាចចូលរួមការប្រកួត Nations League ក្នុងកីឡដ្ឋានដែលនឹងចាប់ផ្តើមនៅខែកញ្ញាបានទេ ទោះបីប្រទេសខ្លះជាសមាជិកមានភាពធូរស្បើយពីជំងឺ Covid-19 ច្រើនហើយក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។

ក៏ប៉ុន្តែការប្រកួតដណ្តើមពានរង្វាន់បើករដូវកាលពានលីគអាជីពអឺរ៉ុប UEFA Super Cup នៅទីក្រុង Budapest ប្រទេសហុងគ្រីនៅថ្ងៃទី២៤ ខែកញ្ញារវាងម្ចាស់ជើងឯក Champions League និង Europa League អាចជាការប្រកួតសាកល្បងដោយមានចំនួនអ្នកគាំទ្រខ្លះចូលរួម។

ក្នុងកិច្ចប្រជុំមួយរបស់សហព័ន្ធជាមួយសមាជិក Uefa ទាំង៥៥ កាលពីថ្ងៃពុធបានសម្រេចថា ការប្រកួតពានរង្វាន់ជើងឯកជាតិប្រចាំទ្វីបអឺរ៉ុប UEFA Nations League ជាលើកទី២ នឹងត្រូវធ្វើឡើងនាខែក្រោយនេះ។

ក្នុងព្រឹត្តិការណ៍ដែលមានរយៈពេល ២ឆ្នាំម្តងនេះ អង់គ្លេសចាប់ផ្តើមប្រកួតក្រៅដីជាមួយអ៊ីស្លង់ និងដាណឺម៉ាកនៅថ្ងៃទី ៥ និងថ្ងៃទី៨ ខែកញ្ញារៀងៗខ្លួន៕