(ម៉ាឌ្រីដ)៖ ក្លិបបាល់ទាត់អេស្ប៉ាញ Real Madrid បានចុះកិច្ចសន្យាព្រមព្រៀងជាមួយក្លិបអាល្លឺម៉ង់ Borussia Dortmund ជាមួយការខ្ចីជើងកីឡាករខ្សែប្រយុទ្ធវ័យក្មេង Reinier រយៈពេល ២ឆ្នាំនៅក្នុងលីគកំពូល Bundesliga ដែលនេះត្រូវបានក្លិបអាល្លឺម៉ងសម្រេចប្រកាសកាលពីថ្ងៃទី១៩ ខែសីហា ហើយត្រូវបានសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០។

កីឡាករខ្សែប្រយុទ្ធវ័យ ១៨ឆ្នាំសញ្ជាតិប្រេស៊ីល Rinier ត្រូវបានក្លិបជើងឯកលីគ LaLiga 2019-2020 នាំយកពីក្លិប Flamengo ក្នុងតម្លៃ ៣៥.៨៤លានដុល្លារកាលពីខែកមរា ឆ្នាំ២០២០ ខណៈរូបគេមិនទាន់បានបង្ហាញខ្លួនលើទីលានក្នុងប្រកួតណាមួយជាមួយក្រុម Real Madrid នៅឡើយទេ ក្នុងនោះលោក Michael Zorc នាយកកីឡារបស់ក្លិប Dortmund បានលើកឡើងថា «ខ្សែប្រយុទ្ធវ័យក្មេង Reinier ជាកីឡាករអស្ចារ្យមួយ ហើយរូបគេនឹងស្ថិតក្នុងជម្រើសល្អមួយនៅការប្រកួត» ខណៈកីឡាកររូបនេះក៏បានលើកឡើងថា «ខ្ញុំនឹងព្យាយាមរៀនឲ្យច្រើននៅទីនេះ និងជួយក្រុមឲ្យទទួលបានជោគជ័យ»

គួរបញ្ជាក់ផងថា បច្ចុប្បនខ្សែប្រយុទ្ធវ័យក្មេង Reinier កំពុងស្ថិតក្នុងបញ្ជីជម្រើសក្រុម U23 របស់ក្រុមហ្សាំបាប្រេស៊ី និងបានបង្ហាញខ្លួន ១៨ប្រកួតឲ្យក្រុមជម្រើសជាតិចាប់ពីឆ្នាំ២០១៧-២០២០ ខណៈបានចាប់ផ្តើមក្លាយជាកីឡាករបាល់ទាត់អាជីពជាមួយក្លិប Flamengo ដោយក្នុងនោះបង្ហាញខ្លួនបាន ១៤ប្រកួត និងរកបាន ៦គ្រាប់ ហេីយក៏បានបង្ហាញខ្លួនក្នុងឈុតក្រុម Real Madrid Castilla ចំនួន ៣ប្រកួត និងរកបាន ២គ្រាប់ក្នុងឆ្នាំ២០២០នេះដែរ៕