(ភ្នំពេញ)៖ ស្រីស្រស់ នី មុនីនាថ ដែលមហាជនស្គាល់ថា ជាតារាសម្ដែងទឹកភ្នែក ច្រើនតែគ្រងតំណែងជាតួឯក បានបង្ហើបឲ្យដឹងថា ក្រៅពីបើកក្រុមហ៊ុនលក់គ្រឿងក្រអូបផ្ទាល់ខ្លួន និងអាជីពជាអ្នកសិល្បៈហើយនោះ នៅថ្ងៃអនាគត នាង បានបង្ហាញពីមហិច្ឆតារបស់ខ្លួន បើកសាលាបង្រៀនជំនាញសម្តែងដល់មនុស្សជំនាន់ក្រោយ ដែលស្រឡាញ់និងមាននិស្ស័យផ្នែកសិល្បៈសម្ដែង។ ការបង្ហាញពីបំណងដ៏ ធំខុសពីអ្នក សិល្បៈដទៃបែបនេះ គឺដោយសារតែក្រៅពីសម្តែងភាពយន្តដូចបច្ចប្បន្ន នាងក៏ធ្លាប់ជាអតីតនាដការី របាំបុរាណ ចេញពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដូច្នេះហើយទើបនាងមានគំនិតជាច្រើន ក្នុងការថែរក្សា និងចូលរួមបណ្តុះបណ្តាលអ្នកសិល្បៈខ្មែរជំនាន់ក្រោយ ឲ្យមានចំណេះជំនាញច្បាស់លាស់។

តារាសម្តែង មានទេពកោសល្យពេញខ្លួន ក្នុងសិល្បៈទី៧ នី មុនីនាថ បានប្រាប់ Fresh News Plus នៅថ្ងៃនេះថា នាងមានបទពិសោធន៍សម្តែងភាពយន្តជាច្រើនឆ្នាំមកហើយ ជាពិសេសនាងក៏ជាអតីតនាដការី របាំងបុរាណម្នាក់ ដែលបានទទួលការបណ្តុះបណ្តាលដោយផ្ទាល់ ពីសាលាភូមិន្ទវិចិត្រសិល្បៈផងដែរ។ ហេតុនេះហើយ ដោយសារតែទឹកចិត្តស្រឡាញ់ ចង់ថែរក្សាសិល្បៈខ្មែរ ក៏ដូចជាចង់បណ្តុះបណ្តាល មនុស្សជំនាន់ក្រោយដែលមាននិស្ស័យផ្នែកសិល្បៈ នាងមិនទុកចំណេះដឹងរបស់នាងចោលឥតប្រយោជន៍ឡើយ ហើយក៏មិនកំណាញ់ក្នុងការចែករំលែក ទៅកាន់មនុស្សជំនាន់ក្រោយនោះដែរ។

តារាស្រីទទួលបានតំណែងជាតួឯកស្ទើរគ្រប់រឿងរូបនេះ បានសង្កត់ធ្ងន់ថា នៅថ្ងៃខាងមុខនាងមានគម្រោងបើកសាលាមួយកន្លែង ដើម្បីបង្រៀនជំនាញសម្តែងដល់មនុស្សជំនាន់ក្រោយ ដែលស្រឡាញ់ និងចង់ប្រឡូកវិស័យសិល្បៈ។ នាងសង្ឃឹមថា ការចែករំលែកចំណេះដឹងរបស់នាងដូចការមានគម្រោងនោះ នឹងជួយសម្រេចក្តីស្រមៃដល់មនុស្សជំនាន់ក្រោយ ឲ្យជោគជ័យក្នុងវិស័យសិល្បៈដូចរូបនាង។

នី មុនីនាថ និយាយថា «ច៎ាបង..! ខ្ញុំមានគំនិតថា ចង់បើកសាសាបង្រៀនជំនាញសម្ដែង ដល់ក្មេងៗជំនាន់ក្រោយ ដើម្បីឲ្យពួកគេមានជំនាញច្បាស់លាស់ពេលសម្ដែងរឿងម្ដងៗ។ ខ្ញុំចង់ចែករំលែកចំណេះដឹងនេះ ជាពិសេសជំនាញយំរបស់ខ្ញុំ....! (សើច) ព្រោះខ្ញុំមើលឃើញថា វិស័យសិល្បៈភាពយន្តរបស់យើងមានការរីកចំរើនច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ខ្ញុំគិតថា ប្រសិនបើមានអ្នកជួយជ្រោមជ្រែងខ្ញុំ ក្នុងការបើកសាលាបង្ហាត់បង្រៀនជំនាញសម្ដែងនេះ គឺពិតជាល្អណាស់បង..! ខ្ញុំចង់ឲ្យវិស័យសិល្បៈសម្ដែង ជាពិសេសភាពយន្តរបស់យើងមានគុណភាពល្អ អាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន..!»

គួរជម្រាបថា ក្រៅពីមមាញឹកនឹងការងារសិល្បៈ នី មុន្នីនាថ ត្រូវបានទស្សនិកជនកោតសរសើរ និងចាប់អារម្មណ៍ខ្លាំង តាមរយៈការចូលរួមកិច្ចការងារសង្គមនានា ខណៈកន្លងទៅនាងធ្លាប់ចូលរួមផ្សព្វផ្សាយ និងឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ យល់ដឹងកាន់តែច្បាស់ពីផលអាក្រក់របស់សំរាម ជាពិសេសគឺថង់ប្លាស្ទិក ដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ចំណុចនេះក៏មានតារាទូទាំងពិភពលោក បានចាប់ផ្តើមយុទ្ធនាការ ផ្សព្វផ្សាយទាក់ទងនឹងផលប៉ះពាល់ នៃការប្រើថង់ផ្លាស្ទិកផងដែរ។ យ៉ាងណាមិញ នៅពេលនេះ នាងក៏មានបំណងបណ្តុះបណ្តាលមនុស្សជំនាន់ក្រោយ ដែលចង់រៀនផ្នែកសម្តែងបន្ថែមទៀត ខណៈទឹកចិត្ត របស់នាង ហាក់ស្តែងចេញនូវការស្រឡាញ់ និងចង់អភិរក្សសិល្បៈវប្បធម៌ខ្មែរយ់ាងពិតប្រាកដ៕